(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗដាក់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រូហានី (Hassan Rouhani) ថាឲ្យ «ប្រយ័ត្នខ្លួនទៅ» នៅក្រោយពេលលោក រូហានី បានលើកឡើងថាបុគ្គលទាំងឡាយដែលនិយាយទៅកាន់ប្រជាជាតិអ៊ីរ៉ង់ជាមួយនិងការគំរាមកំហែងនឹងមានការស្តាយក្រោយជាក់ជាមិនខានឡើយនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងក្នុងបន្ទប់សន្និសីទសារព័ត៌មាននៅលើយន្តហោះប្រធានាធិបតីអាមេរិក Air Force One អំពីការលើកឡើងរបស់លោក ហាស្សាន រូហានី ដែលថាអ៊ីរ៉ង់នឹងធ្វើឲ្យអ្នកណាក៏ដោយដែលនិយាយស្តីមកកាន់ប្រជាជាតិអ៊ីរ៉ង់ជាមួយនិងភាសាបែបគំរាមកំហែងនោះ មានការស្តាយក្រោយមិនខានឡើយ នៅក្នុងការជួបជុំគ្នាមួយនៅឯរដ្ឋធានីតេហេរ៉ង់ ដើម្បីប្រារព្ធពិធីរំលឹកខួប ៣៨ឆ្នាំ នៃបដិវត្តន៍អ៊ីស្លាម លោក ដូណាល់ ត្រាំ បានព្រមានថា «លោក រូហានី គួរតែប្រយ័ត្នខ្លួន»។
គួររំលឹកថានាពេលថ្មីៗកន្លងទៅនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ប្រទេសអ៊ីរ៉ង់នៅក្នុងការឃ្លាំមើលក៏ដូចជាប្រុងប្រយ័ត្នខ្ពស់ ហើយថែមទាំងបានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតផង ដោយសារតែទីក្រុងតេហេរ៉ង់បានបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ជាមួយនិងបណ្តាប្រទេសមហាអំណាចពិភពលោក តាមរយៈការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ហើយចំណាត់ការរបស់លោក ត្រាំ នេះកំពុងបង្ហាញពីឥរិយាបថកោងកាចមួយរបស់សហរដ្ឋអាមេរិកចំពោះអ៊ីរ៉ង់ ដែលអាចបង្កើនភាពតានតឹងនៅក្នុងតំបន់បន្ថែមទៀត។
ដោយឡែកលោក ដូណាល់ ត្រាំ បានធ្វើការអធិប្បាយខាងលើពាក់ព័ន្ធនឹងលោក ហាស្សាន រូហានី ស្របពេលដែលរូបលោកកំពុងធ្វើដំណើរលើយន្តហោះ Air Force One ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ឆ្ពោះទៅកាន់កន្លែងសម្រាកលំហែកាយឯកជនរបស់លោក ត្រាំ «Mar-a-Lago» ដែលស្ថិតនៅទីក្រុង Palm Beach រដ្ឋផ្លូរីដា (Florida)៕