(ម៉ូស្គូ)៖ ការបន្ត​កើនឡើង​នៃចំនួនកងកម្លាំង​របស់អង្គការ​ណាតូ (NATO) នៅតាម​​បណ្តោយ​ព្រំដែន​​របស់​ប្រទេស​រុស្ស៊ី បូករួម​ទាំងកង្វះខាត​នៃ​កិច្ចពិភាក្សា​ក្នុងន័យ​ស្ថាបនា​រវាងរុស្ស៊ី​ និងសហភាព​អឺរ៉ុប​ថែមទៀត​នោះ វាគេចមិនផុតនឹង​បង្ខំឲ្យរដ្ឋាភិបាល​ទីក្រុងម៉ូស្គូ​អស់​ជម្រើស​ ហើយ​​ងាក​ទៅ​ប្រើ​ចំណាត់ការក្តៅ​ដើម្បីធ្វើការ​ឆ្លើយតបទៅវិញ​ជាក់ជា​មិនខាន។ នេះបើតាម​ការលើកឡើង​របស់ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​​ប្រ​ចាំ​នៅ​​លី​ទុយ​អានី ដែល​ត្រូវបាន​ដកស្រង់​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

ឯក​អគ្គរដ្ឋទូតរុស្ស៊ីលោក Alexander Udaltsov បានថ្លែងយ៉ាង​ដូច្នេះថា «អង្គការ NATO បាននិង​កំពុងបោះ​មូលដ្ឋានយោធា​រាប់រយ​កន្លែងនៅ​តាម​​បរិ​វេណ​ដ៏ធំ​ ជុំវិញប្រទេស​រុស្ស៊ីហើយការ​កើនឡើង​កាន់តែខ្លាំង​នៃចំនួន​កងកម្លាំង​របស់ NATO នៅក្នុង​បណ្តាប្រទេស​​ដែល​នៅ​ក្បែរ​​ខាង​​​រុស្ស៊ី​​​​ព្រមទាំង​ការខ្វះខាត​នៃកិច្ចសន្ទនា​ក្នុងន័យ​ស្ថាបនាជា​មួយពួក​យើង (រុស្ស៊ី) នឹងបង្ខំឲ្យ​រដ្ឋាភិបាល​​ទីក្រុងម៉ូស្គូ​ចាត់វិធាន​ក្តៅ​​ ព្រមទាំងតឹង​រ៉ឹង​ដើម្បី​តប​ត​​ទៅវិញ​មិនខាន​ឡើយ»

គួរបញ្ជាក់ថា​បន្ទាប់ពីវិបត្តិ​អ៊ុយក្រែន​បានបន្តអូស​បន្លាយ​រហូត​មក ចាប់​តាំង​ពី​ឆ្នាំ២០១៤ អង្គការ NATO ក៏បានខិតខំ​បង្កើនវត្តមាន​របស់​ខ្លួន​ជា​ខ្លាំងនៅ​តំបន់អឺរ៉ុប​​ខាងកើត ដោយប្រើប្រាស់​ការចោទប្រកាន់​ដែលថា​ប្រទេស​រុស្ស៊ី​បានចូលទៅ​ជ្រៀតជ្រែក​​ក្នុងកិច្ចការ​ផ្ទៃក្នុង​ របស់​ប្រទេស​អ៊ុយក្រែន​ធ្វើជាឈ្នាន់។ ម៉្យាងវិញ​ទៀត​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ ក៏បានសម្តែងការ​តវ៉ាប្រឆាំង​ជាច្រើនដងផង​ដែរ​ ចំពោះ​ការដំឡើង​សាច់ដុំ​យោធា​​របស់​អង្គការ NATO ដោយសម្អាងថា​ទង្វើនេះនឹងធ្វើឲ្យ​ប៉ះពាល់ដល់​ស្ថិរភាពក្នុងតំបន់​ ហើយបណ្តាលឲ្យ​មានការប្រកួត​ប្រជែង​ផ្នែកសព្វាវុធ៕