(តៃប៉ិ)៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដោយផ្ទាល់មាត់ថា សហរដ្ឋអាមេរិកនឹងគោរពតាម «គោលនយោបាយចិនតែមួយ» នោះនៅថ្ងៃសៅរ៍នេះអាជ្ញាធរតៃវ៉ាន់ក៏បានសម្តែងពីចេតនា ក្នុងការថែរក្សាទំនាក់ទំនងវិជ្ជមានផងដែរជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ព្រមទាំងរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីបន្តធានាឲ្យបាននូវសន្តិភាពក៏ដូចជាស្ថិរភាពនៅក្នុងតំបន់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីតៃវ៉ាន់ ដែលដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការរក្សាទំនាក់ទំនងវិជ្ជមានជាមួយសហរដ្ឋអាមេរិក និងប្រទេសចិន គឺស្របទៅតាមផលប្រយោជន៍ជាតិរបស់យើង និងជាកូនសោដ៏សំខាន់ឆ្ពោះទៅកាន់សន្តិភាពក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ ហើយវាគឺជាគោលដៅដែលរដ្ឋបាលតៃវ៉ាន់បច្ចុប្បន្ន នឹងខិតខំធ្វើយ៉ាងណាសម្រេចឲ្យខាងតែបាន»។ សេចក្តីថ្លែងការណ៍ដដែលនេះបានលើកឡើងដែរថា អាមេរិកគឺជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ហើយទីក្រុងតៃប៉ិនឹងនៅតែបន្តរឹតចំណងទ្វេភាគីរវាងគ្នានិងគ្នាបន្ថែមទៀត ដើម្បីលើកស្ទួយស្ថិរភាពនិងសុខុមាលភាពនៅតំបន់អាស៊ីខាងកើត។
គួររំលឹកថានៅក្រោយពេលដែលបានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ លោក ដូណាល់ ត្រាំ បានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន ជាហេតុបាននាំឲ្យរូបលោកក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេគិតចាប់ពីឆ្នាំ១៩៧៩មក ដែលបានជួបពិភាក្សាជាមួយមេដឹកនាំតៃវ៉ាន់។ កិច្ចសន្ទនាគ្នានេះត្រូវបានទីក្រុងប៉េកាំងរិះគន់យ៉ាងខ្លាំង ត្បិតថាប្រទេសចិនមិនទទួលស្គាល់ឯករាជ្យភាពរបស់តៃវ៉ាន់ឡើយ ហើយអំពាវនាវឲ្យមានការគោរពគោលនយោបាយចិនតែមួយពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
ដោយឡែកកាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានពិភាក្សាគ្នាលើបញ្ហាមួយចំនួនដូចជាទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបញ្ហានៅតាមតំបន់ផ្សេងៗ ហើយនៅក្នុងឱកាសនោះលោក ត្រាំ បានគូសបញ្ជាក់សាជាថ្មីប្រាប់លោក ស៊ី ជីនពីង ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានគ្រោងនឹងគោរពប្រតិបត្តិតាម «នយោបាយចិនតែមួយ» ដោយមិនផ្លាស់ប្តូរគោលជំហរនោះឡើយ៕