(ម៉ានីល)៖ មនុស្សចំនួនបួននាក់ហើយបានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានទទួលរងរបួស បន្ទាប់ពី​គ្រោះរញ្ជួយដីដ៏កក្រីកកម្រិត​៦.៧​រ៉ិចទ័រ បានវាយប្រហារកោះ Mindanao ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសហ្វីលីពីន​នៅយប់ថ្ងៃសុក្រម្សិលមិញនេះ ហើយវាក៏បាន​បង្ក​ការបំផ្លិចបំផ្លាញដល់អគារក៏ដូចជា កាត់ផ្តាច់ចរន្តអគ្គិសនី​នៅតាមតំបន់​ជាច្រើនផងដែរ។ នេះបើតាមសម្តីរបស់អាជ្ញាធរហ្វីលីពីន ដែលត្រូវបាន​ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះ​បន្តិចនាព្រឹកថ្ងៃសៅរ៍​ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយគ្នានេះមជ្ឈមណ្ឌលប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ប្រចាំតំបន់ប៉ាស៊ិហ្វិក បានឲ្យដឹងថាពុំ​មានការគំរាមកំហែង​ពីរលកយក្ស​​ស៊ូណាមិ​ណាមួយ​ត្រូវបានបង្កឡើង​ដោយគ្រោះរញ្ជួយដី​នេះឡើយ។ ប៉ុន្តែយោងតាម លោក​ Rise Recabo ប្រធាន​ក្រុម​ប្រឹក្សាក្រុង Surigao ចរន្តអគ្គិសនី​រួមទាំង​ប្រព័ន្ធផ្គត់ផ្តង់​ទឹកស្អាតជាច្រើន​កន្លែងត្រូវ​បានកាត់ផ្តាច់ ខណៈស្ពានមួយខ្សែ និងសណ្ឋាគារមួយ​បានដួលរលំ និង​លំនៅ​ឋាន​មួយចំនួនទៀត​បានទទួលរងការខូចខាត។ រីឯអាកាសយានដ្ឋាន Surigao វិញត្រូវបាន​បិទទ្វាផ្អាកដំណើរការ​ជាបណ្តោះអាសន្ន​ដោយ​សារតែស្នាមប្រេះ​នៅលើផ្លូវហោះហើរ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនាយប់ថ្ងៃសុក្រម្សិលមិញគឺមានកម្រិតដ៏ខ្លាំងបំផុត ដែលបានវាយប្រហារលើទីក្រុង Surigao គិតចាប់តាំងពីឆ្នាំ​១៨៩៧មក ហើយប្រទេសហ្វីលីពីនវិញ គឺស្ថិតនៅចំតំបន់ដ៏គ្រោះថ្នាក់បំផុតដែលគេហៅថា «Pacific Ring of Fire» ជាហេតុបណ្តាលឲ្យ​ទទួល​រងការវាយប្រហារពីគ្រោះរញ្ជួយផែនដីយ៉ាងញឹកញាប់៕