(ម៉ានីល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឲ្យដឹងថាគ្រោះរញ្ជួយផែនដីកម្រិត៦.៧រ៉ិចទ័រ បានវាយប្រហារចំក្បែរកោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ខណៈភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ព័ត៌មានបញ្ជាក់ អំពីការបំផ្លិចបំផ្លាញឬមួយក៏មនុស្សរងគ្រោះនោះឡើយ។
គួរបញ្ជាក់ថាយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ចំណុចរំញ័រនៃគ្រោះរញ្ជួយដី ខាងលើបានកើតឡើងនៅចម្ងាយប្រមាណជា១៣គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Surigao ជាមួយនិងជម្រៅដ៏រាក់គឺត្រឹមតែ១០គីឡូម៉ែត្រក្រោមបាតសមុទ្រប៉ុណ្ណោះ។ ជាមួយគ្នានេះមជ្ឈមណ្ឌលប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិនៅតំបន់ប៉ាស៊ីហ្វិក ក៏បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនដែរថា មិនមានការគំរាមកំហែង ក្នុងទម្រង់ជារលកយក្សស៊ូណាមិណាមួយ ត្រូវបានបង្កឡើងដោយសារ គ្រោះរញ្ជួយដីកម្រិតខ្លាំងគួរសមនេះឡើយ៕