(វ៉ាស៊ីនតោន)៖ ជញ្ជាំងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅតាមបណ្តោយព្រំដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ីកូ នឹងទាមទារឲ្យមានការប្រើប្រាស់ថវិកា រហូតដល់ទៅប្រមាណជា២១.៦ពាន់លានដុល្លារ និងត្រូវការចំណាយរយៈជាង៣ឆ្នាំក្នុងការសាងសង់។ នេះបើតាមរបាយការណ៍ផ្ទៃក្នុង មួយរបស់ក្រសួងសន្តិសុខជាតិអាមេរិក ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
ការសាងសង់ជញ្ជាំងព្រំដែន ដែលមានចម្ងាយប្រមាណ២ពាន់គីឡូម៉ែត្រនេះ គឺជាអាទិភាពមួយនៃនយោបាយ របស់លោក ដូណាល់ ត្រាំ បើទោះបីជាមានការប្រឆាំងយ៉ាងណាក៏ដោយ ហើយលោក ត្រាំ ធ្លាប់បានថ្លែងជាដដែលថា រូបលោកនឹងឲ្យប្រទេសម៉ិចស៊ីកូធ្វើជាអ្នករ៉ាប់រងការចំណាយលើរបងបែកចែក ប្រទេសទាំង២នោះ ប៉ុន្តែប្រធានាធិបតីម៉ិចស៊ីកូ បានប្រកែកដាច់ខាតថា មិនចេញថ្លៃការធ្វើរបងព្រំដែននេះឡើយ។
គួរបញ្ជាក់ថា តម្លៃ២១.៦ពាន់លានដុល្លារខាងលើនេះ គឺខុសឆ្ងាយស្ទើរតែពាក់កណ្តាល ពីតម្លៃចំនួន១២ពាន់លានដុល្លារ ដែលលោក ដូណាល់ ត្រាំ បានធ្វើការអះអាងកាលពីអំឡុងយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត។ មួយវិញទៀតរបាយការណ៍ស្តីពីការរៀបចំពីគំរោង នៃការសាងសង់ជញ្ជាំងព្រំដែននេះ ត្រូវគេរំពឹងថា នឹងដាក់ជូនរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិកលោក ចន ខេលី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ទោះបីជាពុំចាំបាច់នឹងត្រូវអនុវត្តន៍ តាមការស្នើឡើងនេះយ៉ាងណាក្តី៕