(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រ៉ាសិប តាយយីប អឺដូហ្គាន់ បានយល់ព្រមអនុម័តហើយលើគំរោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាផ្លូវត្រួសត្រាយមួយដើម្បីឆ្ពោះទៅរកប្រព័ន្ធប្រធានាធិបតីនិយម។ នេះបើតាមឧបនាយករដ្ឋមន្តី្រតួកគី ដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមលោក អឺដូហ្គាន់ ការធ្វើសោធនកម្មលើរដ្ឋធម្មនុញ្ញនេះនឹងជួយរក្សាស្ថេរភាព នៅពេលដែលប្រទេសជាតិជួបស្ថានការណ៍លំបាក ក៏ដូចជាអាចបញ្ជៀសផងដែរនូវ រាល់កំលំាងនយោបាយចំរុះដែលមានភាពផុយស្រួយដូចកាលពីអតីតកាល។ ទោះជាបែបនេះក្ដី ក្រុមប្រឆាំងព្រួយបារម្ភថា ការធ្វើរបៀបបនេះអាចនឹងនាំឱ្យតួកគីអនុវត្តន៍អំណាចផ្ដាច់ការ។ ដោយឡែកថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានឧបនាយករដ្ឋមន្ត្រីតួកគី លោក Numan Kurtulmus បានឱ្យដឹងយ៉ាងខ្លីថា «ដោយមានការអនុម័តយល់ព្រមពីលោកប្រធានាធិបតី ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់រៀបចំការបោះឆ្នោត (YSK) អាចនឹងប្រកាសយកថ្ងៃទី១៦ ខែមេសា ខាងមុខនេះជាកាលបរិច្ឆេទនៃការបោះឆ្នោតប្រជាមតិស្ដីពីការធ្វើវិសោធនកម្មរដ្ឋម្មនុញ្ញ»។
គួរបញ្ជាក់ថាបើសិនជារដ្ឋធម្មនុញ្ញតួកគីបច្ចុប្បន្នត្រូវបានធ្វើសោធនកម្មមែននោះ វានឹងអនុញ្ញាតឱ្យលោក អឺដូហ្គាន់ មានអំណាចកាន់តែខ្លំាងដូចជាការចេញច្បាប់ប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន តែងតាំងរដ្ឋមន្រ្តី និងមន្ត្រីជាន់ខ្ពស់ ហើយរហូតដល់មានអំណាចរំលាយសភាទៀតផង៕