(ប៉ារីស)៖ ប៉ូលិសបារំាងបានឱ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោចណាស់ ០៤នាក់ក្នុងនោះមានប្រុស០៣នាក់ និងស្ត្រីវ័យក្មេងម្នាក់ត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថា កំពុងរៀបចំគំរោងវាយប្រហារដោយអំពើភេរវកម្មនៅតាមតំបន់ទេសចរណ៍ជាច្រើនក្នុងប្រទេសបារាំង។ ក៏ប៉ុន្តែភ្លាមនោះដែរព័ត៌មានលម្អិតពាក់ព័ន្ធនឹងជនសង្ស័យទាំងនេះ ពុំត្រូវបានគេបង្ហើបនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមប្រភពដដែលជនសង្ស័យទាំងបួននាក់នេះ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងម៉ង់ពឺលីយ៉េ (Montpellier) និងតំបន់ក្បែរខាងដោយអាជ្ញាធរបានរកឃើញសារធាតុផ្ទុះដ៏មានឥទ្ធិពលប្រភេទ TATP រាប់សិបក្រាមរួមទាំងសម្ភារៈជាច្រើនដែលអនុញ្ញាតឱ្យគេផលិតគ្រាប់បែកចេញពីសារធាតុផ្ទុះនេះ នៅក្នុងផ្ទះរបស់បុរសវ័យក្មេងម្នាក់អាយុ២២ឆ្នាំ។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៥មក មនុស្សជាង២៣០នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែកាវាយប្រហារភេរវកម្ម ជាបន្តបន្ទាប់នៅក្នុងប្រទេសបារំាង៕