(ប៉ារីស)៖ ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង កាន់ខែខិតជិតចូលមកដល់អ្នកបោះឆ្នោតភាគច្រើនមានបំណងចង់ឲ្យបេក្ខភាពប្រធានាធិបតីលោក Francoi Fillon ដកខ្លួនចេញពីការប្រកួត ស្របពេលដែលផ្ទុះរឿងអាស្រូវមួយជាប់ពាក់ព័ន្ធនឹងការងារក្លែងក្លាយរបស់ភរិយាលោក ដែលបាននិងកំពុងជះឥទ្ធិពលអាក្រក់ដល់យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់បេក្ខជនប្រធានាធិបតីរូបនេះ។ នេះបើតាមការស្ទង់មតិមួយដោយ Odoxa សម្រាប់វិទ្យុ France Info ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Francoi Fillon បានចេញមុខសូមអភ័យទោសពីសំណាក់ជនរួមជាតិបារាំង ចំពោះរបៀបដែលថវិការាប់សែនយូរ៉ូរបស់អ្នកបង់ពន្ធប្រាក់ទាំងអស់ ត្រូវបានចំណាយទៅឲ្យភរិយារបស់លោក ប៉ុន្តែលោក Fillon បានបដិសេធចំពោះការចោទប្រកាន់ថា វាបណ្តាលមកពីការងារជាជំនួយការនៅក្នុងសភាជាតិបារាំងរបស់ភរិយាលោក ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ គឺជារឿងមិនពិតឡើយនោះ។
យ៉ាងណាមិញលោក Francoi Fillon បានប្តេជ្ញាថានឹងនៅតែបន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោតតទៅមុខទៀត ទោះបីជារូបលោកបានរបូតពីតំណែងជាបេក្ខភាពដែលមានប្រជាប្រិយភាពជាងគេនោះ និងកំពុងតែប្រឈមមុខនឹងការស៊ើបអង្កេតជាផ្លូវការមួយជុំវិញរឿងអាស្រូវនេះយ៉ាងណាក្តី។ គួរបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសប្រធានាធីបតីបារាំងនឹងប្រព្រឹត្តទៅក្នុងខែមេសា ឆ្នាំ២០១៧ខាងមុខនេះ៕