(តេហេរ៉ង់)៖ ប្រជាជនអ៊ីរ៉ង់រាប់ម៉ឺននាក់​នៅថ្ងៃសុក្រនេះ បាននំាគ្នា​ចូលរួម​ក្នុងបុណ្យជាតិ​​ដែលជាការ​ប្រារព្ធខួបដ៏ធំអស្ចារ្យ​នៃ «ជោគជ័យបដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់ឆ្នាំទី៣៨» កាលពីឆ្នាំ១៩៧៩ ដែលនាំអ៊ីរ៉ង់​ពីរបបរាជនិយម​មកកាន់​សករាជថ្មី​នៃ​របបសាធារណរដ្ឋ នាពេលបច្ចុប្បន្ន។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុងស្រុក ប្រជាជនអ៊ីរ៉ង់នៅតាមបណ្ដា​ទីក្រុងជាច្រើន បាននាំគ្នាដើរ​តាម​ដងផ្លូវ ដោយមានលើក​ផ្ទំាងរូបថត​ស្ថាបនិក​សាធារណៈរដ្ឋអ៊ីស្លាម លោក Ayatollah Seyed Ruhollah Musavi Khomeini និងអ្នកបន្តវេន​ពីលោកគឺ លោក Ayatollah Ali Khamenei។ ចំណែកឯ​នៅក្នុងរដ្ឋធានី​តេហេរ៉ង់ មនុស្សម្នាជាច្រើននាក់​ក៏បានចូលរួមក្នុង​ពិធីរំលឹកខួបនេះដែរ ជាមួយនឹង​ការលើកទង់ជាតិគ្រវីចុះឡើង ក៏ដូចជាការស្រែក​ពាក្យស្លោកប្រឆាំងសហរដ្ឋអាមេរិក ខណៈអគ្គមគ្គុទេស​កំពូល និងប្រធានាធិបតីអ៊ីរ៉ង់ បានអំពាវឱ្យ​ប្រជាជនរបស់ខ្លួន រួបរួមគ្នាទប់ទល់​នឹងការគំរាម​កំហែងពី​សំណាក់សហរដ្ឋអាមេរិក​នាពេលថ្មីៗនេះ។

គួររំលឹកថានៅឆ្នាំ១៩៧៩ ប្រជាជនអ៊ីរ៉ង់​បានធ្វើបដិវត្តន៍ ផ្ដួលរំលំ​របបរាជានិយម Shah គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ហើយចាប់ពី​ពេលនោះមកដែរ​ទីក្រុង​តេហេរ៉ង់ និងទីក្រុង​វ៉ាស៊ីនតោនមើលមុខគ្នាមិនចំ​រហូតមកដល់​ពេលបច្ចុប្បន្ន៕