(លីម៉ា)៖ តុលាការប៉េរូ​បានចេញដីកាបណ្ដោះអសន្នមួយ បង្គាប់ឱ្យចាប់ខ្លួន​អតីតប្រធានាធិបតី លោក Alejandro Toledo ពីបទប្រព្រឹត្តអំពើពុករលួយ។ ​ក៏ប៉ុន្តែក្នុងពេល​បច្ចុប្បន្ន អាជ្ញាធរ​ពុំទាន់អាច​កំណត់ទីតាំង​ជាក់លាក់​ដែលលោក Toledo ស្នាក់នៅនោះទេ ខណៈមាន​សេចក្ដីរាយការណ៍​ថា លោកបានធ្វើដំណើរ​ទៅកាន់ប្រទេស​បារាំង​នារយៈពេលប៉ុន្មាន​ថ្ងៃចុង​ក្រោយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

ចៅក្រម​លោក Richard Concepcion Carhuancho បានចេញដីកាឃាត់ខ្លួនថ្នាក់ជាតិ និងអន្តរជាតិ ប្រឆាំងនឹង​លោក Toledo និងបានអំពាវនាវ​ឱ្យកំណត់​ទីតាំងស្នាក់ នៅរបស់លោក​នៅឯបរទេស​ឱ្យបាន​ឆាប់រហ័ស។ ជាងនេះទៅទៀត​លោកចៅក្រម ក៏បានសម្រេចចេញ​ដីកាឃុំខ្លួនជា​បណ្ដោះអាសន្ន អតីតប្រធានាធិបតី​រូបនេះ​ចំនួន ១៨ខែ ផងដែរ​ពីបទពុករលួយ និងរំលោភ​អំណាច។

គួរបញ្ជាក់ថា លោក Alejandro Toledo ធ្លាប់កាន់តំណែង​ជាប្រធានាធិបតី​ប៉េរូ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ត្រូវបានគេចោទ​ប្រកាន់​ថា មានជាប់ពាក់ព័ន្ធ​នឹងអំពើពុក​រលួយក្នុងទឹកប្រាក់ជាង ២០លានដុល្លារ ក្នុងសំណុំ​រឿងគំរោង​សាងសង់ផ្លូវ Highway តភ្ជាប់​ពី​ប្រ​ទេសប៉េរូ​ទៅកាន់ប្រទេស​ប្រេស៊ីល ក្រោមការ​ដឹកនាំ​គំរោងដោយ​ក្រុមហ៊ុន Odebrecht និងក្រុមហ៊ុន​សំណង់ប្រេស៊ីល​មួយ​ចំនួន៕