(រីយ៉ូ)៖ មនុស្សយ៉ាងហោចណាស់ ១១៣នាកហើយបានស្លាប់ ដោយសារតែការបង្ក្រាបឧក្រិដ្ឋកម្មទ្រង់ទ្រាយធំនៅរដ្ឋ Espirito Santo នៃប្រទេសប្រេស៊ីល ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន រហូតមកដល់ថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
ប៉ូលិសបានបើកការបង្ក្រាបអំពើឧក្រិដ្ឋកម្មគ្រប់ទម្រង់ ទៅក្រុមមន្ត្រីប៉ូលិស និងក្រុមគ្រួសារពួកគេរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាតវ៉ាចាប់តាំងពីចុងសប្តាហ៍មុនរហូតមកដល់ពេលនេះ មិនទាន់បញ្ចប់នៅឡើយទេ ហើយជាលទ្ធផលបាតុករជាច្រើននាក់ក្នុងរដ្ឋខាងលើនេះ ត្រូវបានប៉ូលិសប្រេស៊ីលចាប់ខ្លួន និងមួយភាគទៀតត្រូវបាត់បង់ជីវិត។ ប្រតិបត្តិការនេះបានបង្ខំឲ្យសាលារៀនឯកជន និងសាធារណជាច្រើនបិទទ្វារ ព្រមទាំងផ្លូវដឹកជញ្ជូននានាត្រូវបានផ្អាកផងដែរ ដែលនាំឲ្យសេដ្ឋកិច្ចក្នុងតំបន់ខាតបង់អស់ ៥៧.៧លានដុល្លារតែក្នុងរយៈពេល ០៥ថ្ងៃប៉ុណ្ណោះ។
គួរបញ្ជាក់ថាក្រុមគ្រួសារ និងមន្ត្រីប៉ូលិសក្នុងរដ្ឋបានប្រមូលផ្តុំគ្នាតវ៉ា ដើម្បីទាមទារប្រាក់ខែច្រើនជាងមុខ ព្រមទាំងលក្ខខណ្ឌការងារមួយចំនួនដែលពួកគេចង់បានផងដែរ ប៉ុន្តែដោយសារតែនិយាយមិនស្តាប់គ្នា រហូតឈានដល់ការប្រើប្រាស់អំពើហិង្សានោះ ទើបប៉ូលិសនិងទាហានសម្រេចចិត្តបង្ក្រាបក្រុមមន្ត្រីប៉ូលិស ព្រមទាំងសមាជិកក្រុមគ្រួសារដែលចូលរួមបាតុកម្មជាមួយនោះតែម្តងទៅ។
តាមរូបភាពរបស់សារព័ត៌មានក្នុងស្រុក ប៉ូលិស និងទាហានរាប់ពាន់នាក់នៃសហព័ន្ធប្រេស៊ីលត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋ Espirito Santo ភាគខាងកើតជាប់ឆ្នេរសមុទ្ររបស់ប្រទេសប្រេស៊ីល ដោយមានទាំងរថក្រោះ និងសព្វាវុធជាច្រើនត្រូវបានបញ្ឈរជើងជាស្រេចដើម្បីការពារ និងបង្ក្រាបបាតុភាពក្នុងតំបន់ទាំងមូលតែម្តង ដោយសារតែការតវ៉ាដោយហិង្សាមិនទាន់បញ្ចប់៕