(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសនិ្តសុខជាតិនៃសេតវិមាន លោក Michael Flynn បានពិភាក្សាជាលក្ខណៈឯកជនជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ប្រឆាំងនឹងទីក្រុងមូស្គូ ហើយដែលកិច្ចពិភាក្សានេះធ្វើឡើងកាលពីមួយខែមុនលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែត Washington Post ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
កាសែត Washington Post ផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិកក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់យល់ថា កិច្ចពិភាក្សាជាលក្ខណៈឯកជននេះ គឺជា «ទង្វើខុសច្បាស់» និងជាសញ្ញាមួយប្រាប់ដល់រុស្ស៊ីថា ទីក្រុងវ៉ាស៊ីនតោន ក្រោមការគ្រប់គ្រងរបស់លោក ត្រាំ មានបំណងព្យួរចោលការដាក់ទណ្ឌកម្មដោយរដ្ឋបាលលោក អូបាម៉ា កាលពីខែធ្នូ ឆ្នាំ២០១៦។
ទោះបីជាយ៉ាងណាលោក Michael Flynn បានបដិសេធចំពោះការលើកឡើងនេះ ហើយថាមិនបាន ធ្វើកិច្ចសន្ទនាឯកជនណាមួយជាមួយនឹងអគ្គរដ្ឋទូតរុស្ស៊ី លោក Sergei Kislyak នោះទេ ខណៈការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ត្រូវបានគេរាយការណ៍ថា នឹងបន្តការត្រួតពិនិត្យកិច្ចសន្ទនារវាងលោក Flynn និងលោក Kislyak ។
គួរបញ្ជាក់ថាកាលពីខែមករាកន្លងទៅ ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនបានទទួល បានឱ្យដឹងថា លោក Michael Flynn ធ្លាប់ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Sergei Kislyak ចំនួន០៥លើកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ជាថ្ងៃដែល លោក បារ៉ាក់ អូបាម៉ា បានបណ្ដេញមន្ត្រីទូតរុស្ស៊ីជាច្រើននាក់ចេញពីសហរដ្ឋអាមេរិក សម្រាប់ការលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក បើទោះជាទីក្រុងមូស្គូ បានបដិសេធជាច្រើនលើកក៏ដោយ៕