(ហ្សាការតា)៖ មនុស្សយ៉ាងហោចណាស់១២នាក់ បានស្លាប់នៅក្នុងគ្រោះមហន្តរាយរអិលបាក់ដី០៣លើក នៅឯតំបន់ទេសចរណ៍កោះបាលី ប្រទេសឥណ្ឌូណេស៊ីដែលបង្កដោយឡើងភ្លៀងធ្លាក់យ៉ាងខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងធ្វើប្រតិបត្តិការរបស់ពួកគេ។ នេះបើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះរអិលបាក់ដីនេះបានបំផ្លាញផ្ទះជាច្រើនខ្នង កាលពីថ្ងៃព្រហស្បតិ៍ ក្នុងភូមិចំនួន០៣ នៃស្រុក Kintamani ស្ថិតនៅលើកោះបាលី ជាពិសេសនោះនៅតាមតំបន់ជម្រាលភ្នំភ្លើង Batur តែម្ដង ដោយបានសម្លាប់មនុស្ស១២នាក់ ក្នុងនោះមានទំាងកូនក្មេងអាយុ១ឆ្នាំម្នាក់ផងដែរ។ ចំណែកឯអ្នករងរបួសជាច្រើននាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី ភ្លៀងអាចនឹងបន្តធ្លាក់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សប្ដាហ៍នេះនៅកោះបាលី៕