(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលបានធ្វើកិច្ចសន្ទនាជាលើដំបូងតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃសុក្រនេះបានលើកឡើងថា លោកសូមកោតសរសើរចំពោះជំហររបស់អាមេរិកដែលគាំទ្រនយោបាយចិនតែមួយ ដែលនេះជាអ្វីដែលប្រទេសចិនចង់បានតាមអ្វីដែលប្រទេសមហាអំណាចទាំងពីរធ្លាប់ព្រមព្រៀងគ្នាកាលពីឆ្នាំ១៩៧៩។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ប្រាប់ប្រធានាធិបតីចិនលោក ស៊ី ជីនពីន ដោយផ្ទាល់មាត់ថា សេតវិមានអាមេរិកនឹងគោរពចំពោះ «គោលនយោបាយចិនតែមួយ» ដែលការវិវឌ្ឍដ៏ថ្មីសន្លាងនេះនឹងជួយកាត់បន្ថយភាពតានតឹង រវាងមហាអំណាចពិភពលោកទាំងពីរ។
នៅក្នុងកិច្ចសន្ទនាជាលើកដំបូងបំផុត ជាមួយមេដឹកនាំប្រទេសចិនចាប់តាំងពីលោកបានស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មីមកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា រូបលោកនឹងគោរពប្រតិបត្តិតាមក្បួនច្បាប់ការទូត ដែលទីក្រុងប៉េកាំងនិងតៃប៉ិបានព្រមព្រៀងគ្នាកាលពីឆ្នាំ១៩៩២។ ជាការឆ្លើយតបទីក្រុងប៉េកាំង ក៏នឹងស្វាគមន៍យ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការគាំទ្រនយោបាយចិនតែមួយ ដែលតាំងពីដើមរៀងមកគឺជាគោលការណ៍ស្នូល នៅក្នុងការថែរក្សាទំនាក់ទំនងរវាងចិន និងកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ។
ជាមួយគ្នានេះកិច្ចសន្ទនាតាមទូរស័ព្ទខាងលើត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនពរជាផ្លូវការទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង សម្រាប់ឱកាសឆ្នាំថ្មីប្រពៃណីចិនដែលទើបកន្លងផុតទៅថ្មីៗនេះ ហើយក្នុងនោះមេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិករូបនេះ ក៏បានបញ្ជាក់ពីការចង់បាន «ការអភិវឌ្ឍទំនាក់ទំនងប្រកបដោយផ្លែផ្កា» ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរផងដែរ។
គួររំលឹកកាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះលោក ដូណាល់ ត្រាំ ដែលកាលនោះនៅមាននាមត្រឹមជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានធ្វើឲ្យប្រទេសចិនខឹងសម្បារជាងខ្លាំង ដោយសារការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់លោក ត្សៃ អ៊ីងវិន ដែលវាគឺជាការសន្ទនាគ្នាលើកដំបូងបំផុតរវាងប្រធានាធិបតី ឬមួយក៏ប្រធានាធិបតីជាប់ឆ្នោតអាមេរិក និងមេដឹកនាំកោះតៃវ៉ាន់គិតចាប់តាំងពីទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង បានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៧៩មក៕