(សេអ៊ូល)៖ វិធីសាស្រ្តងាកទៅរកការលើកទឹកចិត្ត នឹងមិនអាចជួយឲ្យពិភពលោកសម្រេចបានគោលដៅនៃការបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើង ទម្លាក់អាវុធនុយក្លេអ៊ែររបស់ប្រទេសមួយនេះចោលបានឡើយ។ នេះបើតាមសម្តីរបស់មន្រ្តីជំនាន់ខ្ពស់មួយរូប ដែលបានរត់ភៀសខ្លួនចេញពីរបបដឹកនាំទីក្រុងព្យុងយ៉ាងមកកាន់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Thae Yong-ho អតីតមន្រ្តីការទូតកូរ៉េខាងជើងដែលបានភៀសខ្លួនមកកាន់កូរ៉េខាងត្បូងកាលពីឆ្នាំ២០១៦ បានថ្លែងក្នុងវេទិកាមួយនៅទីក្រុងសេអ៊ូលថា «ពួកយើងមិនគួរយល់ឃើញដូច្នេះឡើយថា ការផ្តល់ការលើកទឹកចិត្តដល់ប្រទេសកូរ៉េខាងជើងនឹងជួយដោះស្រាយបញ្ហានុយក្លេអ៊ែររបស់របបដឹកនាំទីក្រុងព្យុងយ៉ាង»។ លោក Thae បានលើកឡើងថាទោះបីជាការលើកទឹកចិត្តទាំងនោះមានភាពទាក់ទាញប៉ុណ្ណាក្តី ក៏កូរ៉េខាងជើងនឹងមិនទទួលយកនោះឡើយ បើសិនជាទីក្រុងព្យុងយ៉ាងសម្រេចថាពួកវាពុំផ្តល់ផលចំណេញដល់ការរបបផ្តាច់ការនៃប្រមុខដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន នោះ។
អតីតមន្រ្តីជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើងរូបនេះបានអះអាងទៀតថា មេដឹកនាំកូរ៉េខាងជើងនឹងមិនរាថយឡើយ ទោះបីជាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងរៀបចំបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងព្យុងយ៉ាងក៏ដោយ ដោយលោក Thae បានថ្លែងយ៉ាងដូច្នេះថា «ប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង នឹងមិនដកខ្លួនពីការប្រឈមមុខដាក់គ្នានោះឡើយ ខណៈការវាយប្រហារដោយអាវុធនុយក្លេអ៊ែរប្រឆាំងកូរ៉េខាងជើងនឹងនាំឲ្យកើតមានឡើងនូវគ្រោះមហន្តរាយដ៏ធំមហិមា ហើយនៅមុនពេលដែលវាកើតឡើង យើងគួរតែរិះរកវិធីកម្ចាត់លោក គីម ជុងអ៊ុន»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Thae ត្រូវបានធ្វើឡើងស្របពេលដែលសមាជិកសភាអាមេរិក ព្រមទាំងអ្នកជំនាញមួយចំនួនបានអះអាងថាការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ និងការផ្លាស់ប្តូររបបដឹកនាំអាចស្ថិតនៅក្នុងជម្រើសទាំងប៉ុន្មាន ពាក់ព័ន្ធនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕