(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងបញ្ជាក់ប្រាប់ប្រធានាធិបតីចិនលោក ស៊ី ជីនពីន ដោយផ្ទាល់មាត់ថា សេតវិមានអាមេរិកនឹងគោរពតាម «គោលនយោបាយចិនតែមួយ» ដែលការវិវឌ្ឍដ៏ថ្មីសន្លាងនេះនឹងជួយកាត់បន្ថយភាពតានតឹង រវាងមហាអំណាចពិភពលោកទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងកិច្ចសន្ទនាជាលើកដំបូងបំផុត ជាមួយមេដឹកនាំប្រទេសចិនចាប់តាំងពីលោកបានស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មីមកលោក ដូណាល់ ត្រាំ បានបញ្ជាក់ឡើងវិញថា រូបលោកនឹងគោរពប្រតិបត្តិតាមក្បួនច្បាប់ការទូត ដែលទីក្រុងប៉េកាំងនិងតៃប៉ិបានព្រមព្រៀងគ្នាកាលពីឆ្នាំ១៩៩២។ ជាការឆ្លើយតបទីក្រុងប៉េកាំង ក៏នឹងទទួលស្វាគមន៍យ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការគាំទ្រនយោបាយចិនតែមួយ ដែលតាំងពីដើមរៀងមកគឺជាគោលការណ៍ស្នូល នៅក្នុងការថែរក្សាទំនាក់ទំនងរវាងចិន និងកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលប៉េកាំងតែងតែចាត់ទុកថាជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ។
ជាមួយគ្នានេះកិច្ចសន្ទនាតាមទូរស័ព្ទខាងលើត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនពរជាផ្លូវការទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង សម្រាប់ឱកាសឆ្នាំថ្មីប្រពៃណីចិនដែលទើបកន្លងផុតទៅថ្មីៗនេះ ហើយក្នុងនោះមេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិករូបនេះ ក៏បានបញ្ជាក់ពីការចង់បាន «ការអភិវឌ្ឍទំនាក់ទំនងប្រកបដោយផ្លែផ្កា» ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះលោក ដូណាល់ ត្រាំ ដែលកាលនោះនៅមាននាមត្រឹមជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក បានធ្វើឲ្យប្រទេសចិនខឹងសម្បារជាខ្លាំង ដោយសារការសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់លោក ត្សៃ អ៊ីងវិន ដែលវាគឺជាការសន្ទនាគ្នាលើកដំបូងបំផុតរវាងប្រធានាធិបតី ឬមួយក៏ប្រធានាធិបតីជាប់ឆ្នោតអាមេរិក និងមេដឹកនាំកោះតៃវ៉ាន់គិតចាប់តាំងពីទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង បានបង្កើតទំនាក់ទំនងការទូតរវាងគ្នានិងគ្នាកាលពីឆ្នាំ១៩៧៩មក៕