(អវកាស)៖ មនុស្សបានបញ្ចប់បេសកកម្មនៅឋានព្រះច័ន្ទជាលើកដំបូងកាលពីឆ្នាំ១៩៧២ ហើយចាប់ពីពេលនោះមក អវកាសយានិកមិនដែលបានទៅបំពេញបេសកកម្មនៅទីណាផ្សេង ក្រៅពីស្ថានីយ៍អវកាសអន្តរជាតិ ISS នោះឡើយ។ ប៉ុន្តែនៅឆ្នាំ២០២១ខាងមុខនេះ គឺជាពេលសាកល្បងនៃយានអវកាស Orion ដែលជាអនាគតនៃយានដែលត្រូវហោះទៅភពអង្គារ នៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០ នោះហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស Daily Mail នាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
អង្គការ NASA របស់អាមេរិកដែលជាអ្នកដឹកនាំគំរោងនេះ បានចាប់ដៃគូជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដើម្បីធ្វើការហោះសាកល្បងនៃយាន Orion ដែលនឹងដឹកនាំមនុស្ស ០៤នាក់ទៅហោះហើរជុំវិញឋានព្រះច័ន្ទនៅឆ្នាំ២០២១ រួចនៅបន្តគោចរណ៍ជុំវិញព្រះច័ន្ទមួយរយៈ ទើបបញ្ជូនយាននោះមកកាន់ភពផែនដីវិញ។ ការធ្វើបែបនេះ គឺជាការសាកល្បងសមត្ថភាពយាន Orion ដែលនឹងត្រូវដឹកនាំមនុស្សទៅកាន់ភពព្រះអង្គារនៅអំឡុងឆ្នាំ២០៣០ ហើយវាជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យដែលមនុស្សភាគច្រើនអន្ទះសារចង់ឃើញមែនទែនតែម្តង។
ទីភ្នាក់ងារ NASA បានឲ្យដឹងនៅសប្តាហ៍នេះថា ខ្លួននិងក្រុមហ៊ុន Airbus បានព្រមព្រៀងកសាងយានគំរូ ដើម្បីដឹកនាំមនុស្សទៅហោះជុំវិញឋានព្រះច័ន្ទនៅដើមឆ្នាំ២០២១នោះហើយ។ យាននោះមានប្រព័ន្ធរុញច្រាន, ថាមពលអគ្គិសនី, ទឹក, និងប្រព័ន្ធគ្រប់គ្រងកម្តៅទាំងការរក្សាបាននូវអ៊ុកស៊ីសែន និងបរិយាកាសសមរម្យបំផុតសម្រាប់អវកាសយានិកទាំង០៤នាក់ ដែលគ្រោងបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ស្ថិតនៅក្នុងរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថាឲ្យខ្លីថា គំរោងទៅបោះតប់នៅភពព្រះអង្គារ គឺមហិច្ឆតាដ៏ធំរបស់អាមេរិកដែលគ្រោងចំណាយថវិការាប់ពាន់លានដុល្លារ និងប្រើប្រាស់ពេលជិតពីរទសវត្សរ៍ដើម្បីសិក្សា ស្តីអំពីការដាក់អាណានិគមរបស់មនុស្សដំបូងបង្អស់នៅក្រៅភពផែនដី ដែលជាគំរោងស្តារឡើងវិញនូវភពព្រះអង្គារ ដែលអាចអូសបន្លាយពេលរាប់រយរាប់ពាន់ឆ្នាំឯណោះ របស់មហាអំណាចលេខ១នៃសកលលោក៕