(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក និងកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើង មានសមត្ថភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែរបាន៦០គ្រាប់ ខណៈប្រទេសកុម្មុយនីស្ដឯកោមួយនេះ ត្រូវបានគេជឿជាក់ថា កំពុងចម្រាញ់ដោយសំងាត់នូវសារធាតុអ៊ុយរ៉ាញ៉ូមក្នុងកំរិតមួយដ៏ខ្ពស់មិនធា្លប់មានពីមុនមក នៅក្រោមរបបដឹកនាំរបស់គ្រួសារត្រកូល គីម ជំនាន់ទីបី។ នេះបើតាមសារព័ត៌មានកូរ៉េខាងត្បូង JoongAng Ilbo ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាម JoongAng Ilbo កាលពីឆ្នាំ២០១៦ ក្រុមអ្នកជំនាញជាច្រើន បានបង្ហាញថាទីក្រុងព្យុងយ៉ាង មានសារធាតុភ្លុយតូញ៉ូម ៥៤គីឡូក្រាម និងអ៊ុយរ៉ាញ៉ូម ៧៥៨ គីឡូក្រាម ហើយដែលនេះបើធៀបទៅនឹងការសន្និដ្ឋានមុនៗ កូរ៉េខាងជើងមានសារធាតុភ្លុយតូញ៉ូម ត្រឹមតែពី៤០ដល់៥០គីឡូក្រាម និងអ៊ុយរ៉ាញ៉ូម ៤០០គីឡូក្រាមតែប៉ុណ្ណោះ។ ដោយឡែក បើតាមក្រុមអ្នកជំនាញយោធាអាមេរិក និងកូរ៉េខាងត្បូង ដើម្បីផលិតក្បាលគ្រាប់បែកនុយក្លេអ៊ែរ ទាមទារឱ្យមានសារធាតុអ៊ុយរ៉ាញ៉ូម ពី១៦ទៅ២០ គីឡូក្រាម និងភ្លុយតូញ៉ូមពី០៤ដល់០៦គីឡូក្រាម ពោលគឺសារធាតុភ្លុយតូញ៉ូមប្រមាណ ០៦គីឡូក្រាមអាចផលិតបានគ្រាប់បែកនុយក្លែអ៊ែរដ៏មានឥទ្ធិពលដូចគ្នានឹងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន នៅអំឡុងសង្រ្គាមលោកលើកទី២។
គួររំលឹកថាកាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបានបង្កើនសកម្មភាពចំរាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅឯរោងចក្រនុយក្លេអ៊ែរ Yongbyon ស្ថិតនៅក្នុងខេត្ត Pyongan ខាងជើង។ បន្ថែមពីលើនេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ទីក្រុងព្យុងយ៉ាង ទំនងជាបានប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៥ កាលពីខែកញ្ញា ឆ្នាំ២០១៦៕