(វ៉ាស៊ីនតោន)៖ ភ្លាមៗបន្ទាប់ពីទទួលដំណឹងថា សាលាឧទ្ធរណ៍សហព័ន្ធក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានសម្រេចចិត្តជាឯកច្ឆ័នទុកជាបានការដដែល នូវការផ្អាកបទបញ្ជាប្រឆាំងនឹងជនអន្តោប្រវេសន៍ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្មយ៉ាងខ្លំាងនៅលើ Twitter ដោយលោកបានសរសេរថា «ជួបគ្នានៅតុលាការសនិ្តសុខជាតិរបស់យើងកំពុងប្រឈមមុខនឹងហានិភ័យ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNCB នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
បណ្ដឹងឧទ្ធរណ៍របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ត្រូវបានបដិសេធកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ដោយចៅក្រមបីរូបដែលអះអាងថាការ សម្រេចចិត្តបែបនេះគឺដើម្បីការពារផលប្រយោជន៍ជាតិ។ ច្រៅក្រមទំាងបីរូប បានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចរបស់ខ្លួនដូច្នេះថា «រដ្ឋាភិបាលអាមេរិកមិនមានភស្ដុតាង ជាក់លាក់ណាមួយបញ្ជាក់បានថា ជនបរទេសមកពីបណ្ដាប្រទេសដែលមានឈ្មោះនៅក្នុងបទបញ្ជា បាននិងកំពុងរៀបចំការវាយប្រហារភេរវកម្មនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ បន្ថែមពីលើនេះ ជាជាងការបង្ហាញពីភស្ដុតាងក្នុងការពន្យល់ពីភាពចាំបាច់នៃការអនុវត្តន៍បទបញ្ជា រដ្ឋាភិបាលបានប្រកាន់គោលជំហរដែលយើងត្រូវតែមិនពិនិត្យឡើងវិញនូវសេចក្ដីសម្រេចរបស់ពួកគេ។ ដូច្នេះយើងមិនយល់ស្របនោះទេ ដូចបានពន្យល់ខាងលើ»។
គួរបញ្ជាក់ថាបទបញ្ជារបស់លោក ដូណាល់ ត្រាំ បានហាមឃាត់ជាបណ្ដោះអាសន្នប្រជាជនមកពីបណ្ដាប្រទេសមូស្លីមចំនួន០៧ ចូលក្នុងសហរដ្ឋអាមេរិក មានដូចជា អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី សូម៉ាលី យេមែន ស៊ូដង់ និងលីប៊ី។ ក៏ប៉ុន្តែបទបញ្ជានេះត្រូវបានចៅក្រមសហព័ន្ធ លោក James Robart បដិសេធកាលពីសប្ដាហ៍មុន រីឯលោក ត្រាំ ផ្ទាល់ចាត់ទុកថាការសម្រេចចិត្តនេះមានលក្ខណៈ «នយោបាយ»៕