(ម៉ូស្គូ)៖ ការបង្កើនកម្លាំងទ័ពរបស់អង្គការណាតូ (NATO) នៅបណ្តាប្រទេសតំបន់បាល់ទិច ក៏ដូចជាប្រទេសប៉ូឡូញ និងអាល្លឺម៉ង់បាននិងកំពុងធ្វើឲ្យឱកាសនៃការកើតមានឡើងនៃហានិភ័យកាន់តែខ្ពស់ឡើង និងបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខជាតិរបស់ប្រទេសរុស្ស៊ី។ នេះបើតាមសម្តីរបស់អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Aleksey Meshkov នៅពេលកំពុងផ្តល់ទំនុកចិត្តថារដ្ឋាភិបាលទីក្រុងម៉ូស្គូ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពារប្រជាពលរដ្ឋរបស់ខ្លួន ដែលដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរុស្ស៊ីលោក Aleksey Meshkov បានឲ្យដឹងថា ការដាក់ពង្រាយកងទ័ពដ៏ច្រើនសម្បើមរបស់អង្គការ NATO ប្រាកដណាស់ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយសម្រាប់រុស្ស៊ី និងបានបន្ថែមថា ទីក្រុងម៉ូស្គូកំពុងតាមឃ្លាំមើលយ៉ាងដិតដល់ទៅលើសកម្មភាពនានារបស់ NATO ប៉ុន្តែមិនដឹងច្បាស់ថា តើពេលណាទង្វើនេះនឹងបញ្ចប់នោះឡើយ។
លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានថ្លែងទៀតថា វិធីសាស្រ្តដែលអង្គការ NATO បាននិងកំពុងប្រើប្រាស់នៅក្បែរព្រំដែនប្រទេសរុស្ស៊ី អនុញ្ញាតឲ្យពួកគេធ្វើការហ្វឹកហាត់ដល់កងទ័ពរាប់ពាន់នាក់ ដែលបន្ទាប់មកអាចយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការណាមួយបានភ្លាមៗ។ ជាមួយគ្នានេះដែរលោក Meshkov បានព្រមានថា «ជាក់ស្តែងវិធីសាស្រ្តទាំងនោះរបស់ NATO អាចបង្កើនហានិភ័យកាន់តែខ្លាំងនៃការកើតមានឡើងនូវឧប្បត្តិហេតុប៉ះទង្គិចគ្នា រវាងកម្លាំងសម្ព័ន្ធមិត្តនិងកងកម្លាំងរុស្ស៊ីបាន»។
«នេះគឺជាលើកទីមួយហើយដែលយើងឃើញវត្តមានកងទ័ពអាល្លឺម៉ង់ ឈរជើងនៅតាមព្រំដែនរបស់យើង គិតចាប់តាំងពីសង្រ្គាមលោកលើកទីពីរត្រូវបានបញ្ចប់មក» នេះបើតាមសម្តីរបស់លោក Aleksey Meshkov ដែលបានលើកឡើងដោយសំដៅលើសេចក្តីប្រកាសរបស់ប្រទេសលីទុយអានី ដែលថាកងទ័ពអាល្លឺម៉ង់ចំនួន១៣០នាក់ក្នុងចំណោម៤៥០នាក់ រួមជាមួយនិងរថក្រោះចំនួន១០០គ្រឿងទៀតបានធ្វើដំណើរទៅដល់ប្រទេសនោះ។ ប៉ុន្តែលោក Meshkov បានបញ្ជាក់ថារដ្ឋាភិបាលទីក្រុងម៉ូស្គូមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានារ៉ាប់រងសន្តិសុខរបស់ប្រទេសរុស្ស៊ី ហើយក៏បានត្រៀមលក្ខណៈដើម្បីចូលតុពិភាក្សាជាមួយ NATO ផងដែរ ប៉ុន្តែបានគូសបញ្ជាក់វិញថា «រាល់សកម្មភាពរបស់ពួកគេនឹងត្រូវឆ្លើយតបទៅវិញដោយចម្លើយវិជ្ជមាន ឬមួយក៏អវិជ្ជមាន»។
គួរបញ្ជាក់ថាសហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពជាច្រើនពាន់នាក់ និងរថក្រោះក៏ដូចជារថពាសដែករាប់រយគ្រឿងទៅកាន់ប្រទេសនៅតំបន់បាល់តិច ប៉ូឡូញ និងតំបន់ភាគត្បូងនិងជាពិសេសភាគខាងកើតនៃសហភាពអឺរ៉ុប ជាមួយការដំឡើងសាច់ដុំយ៉ាងខ្លាំងក្លានៅប៉ុន្មានខែចុងក្រោយនៃអាណត្តិប្រធានាធិបតីរបស់លោក បារ៉ាក់ អូបាម៉ា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសអំពីគំរោងរបស់លោកក្នុងការផ្សារភ្ជាប់ក៏ដូចជាស្តារទំនាក់ទំនងរវាងមហាអំណាចទាំងពីរឡើងវិញ៕