(វ៉ាស៊ីនតោន)៖ នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទលើកទីមួយ ក្នុងនាមជាប្រធានាធិបតីជាមួយមេដឹកនាំកំពូលរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន លោក ដូណាល់ ត្រាំ បានថ្កោលទោសចំពោះសន្ធិសញ្ញាដែលបានរារាំងការប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុតមួយសម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយដកស្រង់សម្តីពីមន្រ្តីរដ្ឋាភិបាលអាមេរិកចំនួនពីររូប និងមន្រ្តីជាន់ខ្ពស់មួយរូបទៀតដែលមានចំណេះដឹងទាក់ទងរឿងនេះ។
យោងតាមប្រភពខាងលើនៅពេលដែលលោក វ៉្លាឌីមៀ ពូទីន បានលើកឡើងពីលទ្ធភាពនៃការពង្រីកបន្ថែមនូវកិច្ចព្រមព្រៀងមានឈ្មោះថា New START កាលពីឆ្នាំ២០១០ លោក ដូណាល់ ត្រាំ ក៏បានងាកទៅសួរជំនួយការរបស់លោកថាតើសន្ធិសញ្ញានោះគឺជាអ្វី។ ក្រោយមកលោក ត្រាំ បានថ្លែងប្រាប់លោក ពូទីន ថាសន្ធិសញ្ញានេះគឺជាកិច្ចព្រមព្រៀងដ៏អាក្រក់មួយនៅក្នុងចំណោមកិច្ចព្រមព្រៀងដ៏អាក្រក់មួយចំនួនទៀត ដែលត្រូវបានចរចាដោយរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដោយអះអាងថាសន្ធិសញ្ញា New START មានភាពលម្អៀងទៅរករុស្ស៊ី។ ក្រៅពីនេះនាឱកាសនោះលោកប្រធានាធិបតីអាមេរិកក៏បានអួតពីប្រជាប្រិយភាពរបស់លោកផងដែរ។
ដោយឡែកសេតវិមានបានបដិសេធសុំមិនធ្វើការអធិប្បាយអំពីព័ត៌មានលម្អិត នៃការជួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទនេះឡើយ ហើយអ្នកនាំពាក្យសេតវិមានលោក សន ស្ពៃសឺ (Sean Spicer) បានបញ្ជាក់ថាលោក ដូណាល់ ត្រាំ ដឹងយ៉ាងជាក់ច្បាស់ថាអ្វីទៅជាសន្ធិសញ្ញា New START ក៏ប៉ុន្តែលោកបានសម្រេចចិត្តបែរទៅរកមន្រ្តីជំនិតរបស់លោក ដើម្បីសាកសួរជាយោបល់ខ្លះៗនៅអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន។
គួរបញ្ជាក់ថា សន្ធិសញ្ញា New START ផ្តល់ពេលវេលារហូតដល់ខែកុម្ភៈ ឆ្នាំ២០១៨ ឲ្យសហរដ្ឋអាមេរិក និងរុស្ស៊ីដើម្បីធ្វើការកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ ដែលត្រូវបានដាក់ពង្រាយមិនឲ្យលើសពី១,៥៥០គ្រាប់នោះឡើយ ដែលវាគឺជាកម្រិតដ៏ទាបបំផុតនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។ មួយវិញទៀតសន្ធិសញ្ញាឆ្នាំ២០១០នេះ ក៏បានដាក់កំហិតលើការប្រើប្រាស់មីស៊ីលដែលអាចបាញ់ពីផ្ទៃដីក៏ដូចជាពីនាវាមុជទឹក ព្រមទាំងយន្តហោះដែលមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរថែមទៀតផង៕