(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ដីមេទ្រី ព្រេស្កូវ (Dmitry Preskov) បានថ្លែងបញ្ជាក់ប្រាប់សារព័ត៌មានក្នុងប្រទេសផ្ទាល់ថា ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ទៅកាន់ប្រធានាធិបតីតួកគីលោក Recep Tayiip Erdogan និងបានសូមអភ័យទោសចំពោះ ការវាយប្រហារតាមផ្លូវអាកាសដោយអចេតនារបស់កងទ័ពជើងអាកាសរុស្ស៊ី ដែលបានសម្លាប់ និងធ្វើឲ្យរបួសកងទ័ពរបស់តួកគី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នកនាំពាក្យវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី និងតួកគីបានជួបពិភាក្សាគ្នាតាមទូរស័ព្ទភ្លាមៗ ហើយលោក ពូទីន បានសូមអភ័យទោស និងសម្តែងការចូលរួមសោកស្តាយយ៉ាងជ្រាលជ្រៅដល់លោក អឺដូហ្គាន់ ចំពោះការស្លាប់របស់នាយទាហានតួកគីនៅក្បែរទីក្រុង al-Bab នៃប្រទេសស៊ិរី។ នាឱកាសនោះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នាក្នុងការពង្រីកបន្ថែមនូវកិច្ចសម្របសម្រួលយោធា នៅក្នុងអំឡុងការធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធ ISIS និង ក្រុមជ្រុលនិយមដទៃផ្សេងទៀតនៅក្នុងប្រទេសស៊ិរីផងដែរ។
ជុំវិញបញ្ហានេះ ប្រទេសរុស្ស៊ី និងតួកគីនឹងធ្វើការស៊ើបអង្កេតរួមគ្នា ទៅលើហេតុការណ៍ដ៏គួរឲ្យសោកស្តាយនេះ ហើយបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងប្រាប់លោកប្រធានាធិបតីតួកគីថា កងទ័ពតួកគីបានបាត់បង់ជីវិត ដោយសារតែកង្វះខាត នៃការផ្តល់ព័ត៌មានពីទីតាំងឈរជើង ជាពិសេសនៅអំឡុងប្រតិបត្តិការវាយប្រហារ តាមផ្លូវអាកាសរបស់យន្តហោះចម្បាំងរុស្ស៊ីក្នុងប្រទេសស៊ីរី។ បន្ថែមពីនេះរុស្ស៊ី និងតួកគី នឹងសហការគ្នាធ្វើឲ្យការ ផ្តល់ព័ត៌មានស្តីពីទីតាំងនៃសកម្មភាពរបស់កងទ័ពប្រទេសទាំងពីរ នៅស៊ីរីមានភាពរីកចំរើនជាងមុន បន្ទាប់ពីហេតុការណ៍ចៃដន្យនេះបានកើតមានឡើង។
គួរបញ្ជាក់ថា នៅមុននេះរដ្ឋាភិបាលតួកគីបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាស ដោយអចេតនាមួយ ដែលត្រូវបានធ្វើឡើងដោយកងយន្តហោះចម្បាំងនៃប្រទេសរុស្ស៊ី បានបណ្តាលឲ្យពលទាហានតួកគី ចំនួនបីនាក់បាត់បង់ជីវិត និង១១នាក់ផ្សេងទៀតបានទទួលរងរបួស នៅភាគខាងជើងប្រទេសស៊ីរី។
ជាមួយគ្នានេះក្រសួងការពារជាតិរុស្ស៊ី ក៏បានទទួលស្គាល់ពីប្រតិបត្តិវាយប្រហារ ដោយអចេតនានេះ ដែលបានសម្លាប់ជីវិតកងទ័ពតួកគីនៅស៊ីរីផងដែរ ហើយបានបន្ថែមថាយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានស្ថិតក្នុងដំណើរបេសកកម្មដើម្បីទៅកម្ទេចមូលដ្ឋានឈរជើង របស់ក្រុមភេរវករ ISIS នៅក្បែរទីក្រុង al-Bab ជាទីដែលទាហានតួកគី បានទទួលរងការទម្លាក់គ្រាប់បែក៕