(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា វាទំនងជាមិនអាចទៅរួចឡើយ ដែលស្ថានភាពបច្ចុប្បន្ននៅភាគខាងកើតប្រទេសអ៊ុយក្រែន នឹងកា្លយជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញការលើកឡើងនេះដែរថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់ថា អនាគតនៃជំនួបរវាងលោក ពូទីន និងលោក ត្រាំ បានរីកចំរើនទៅមុខគួរឱ្យកត់សម្គាល់ដែលវានឹងអាចកើតមានឡើង។ ក៏ប៉ុន្តែនៅពេលអ្នកសារព័ត៌មានជជីកសួរថា តើពេលណាមេដឹកនាំទាំងពីរនឹងជួបពិភាក្សាគ្នា លោក ប៉េស្កូវ តបយ៉ាងខ្លីថា «បច្ចុប្បន្នយើងមិនទាន់ច្បាស់នៅឡើយទេ ចំពោះអ្វីដែលយើងនឹងត្រូវរៀបចំសម្រាប់ជំនួបនេះ»។
គួរបញ្ជាក់ថាគិតចាប់តាំងពីឆ្នាំ២០១៤មក មនុស្សជាង១០,០០០នាក់ហើយបានស្លាប់ដោយសារជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលកន្លងមកទាំងអាមេរិក និងបណ្តាប្រទេសអឺរ៉ុបបានចោទប្រកាន់ និងដាក់ទណ្ឌកម្មរុស្ស៊ីដែលបានគាំទ្រពួកឧទ្ទាមបំបែករដ្ឋ៕