(សេអ៊ូល)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក យូ អ៊ីលហូ (Yoo Il-ho) នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ចិនមិនបានចាត់វិធានការសងសឹកទៅនឹងគំរោង ដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិកTHAAD នោះទេ ក៏ប៉ុន្តែបើសិនជាការបញ្ឈប់គំរោងសាងសង់អចលទ្រព្យ របស់ក្រុមហ៊ុនកូរ៉េខាងត្បូង Lotte ពីសំណាក់ អាជ្ញាធរចិនគឺជាការដាក់ទណ្ឌកម្មផ្លូវការមែននោះ ទីក្រុងសេអ៊ូលត្រៀមខ្លួនជាស្រេចក្នុងការតវ៉ាជំទាស់នៅក្នុងករណីចាំបាច់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក យូ អ៊ីល ហូ ធ្វើឡើងអំឡុងពេលឆ្លើយតបនឹង សំនួរអ្នកតំណាងរាស្ត្រថា តើចិនពិតជាបានចាត់វិធានការសងសឹកនឹងក្រុមហ៊ុនកូរ៉េខាងត្បូង ឬក៏យ៉ាង? សម្រាប់គំរោងដាក់ពង្រាយ THAAD។ «បើសិនជាចិនចាត់វិធានការមិនសមហេតុផលប្រឆាំងនឹងកូរ៉េខាងត្បូង យើងនឹងធ្វើការឆ្លើយតបវិញ។ ក៏ប៉ុន្តែខណៈដែលចិននិយាយថា វិធានការរបស់ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹង THAAD ហើយវាគា្រន់តែជាវិធានការនៅក្នុងស្រុកតែប៉ុណ្ណោះ រដ្ឋាភិបាលកូរ៉េខាងត្បូងមិនអាចចោទប្រកាន់ថា ទីក្រុងប៉េកាំងកំពុងធ្វើសកម្មភាពសងសឹកបានឡើយ»។ នេះបើតាមសម្ដីរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក យូ អ៊ីលហូ។
គួរបញ្ជាក់ថារដ្ឋាភិបាលចិនបានជំទាស់យ៉ាងខ្លាំងនឹងគំរោងដាក់ពង្រាយ THAAD នៅលើទឹកដីកូរ៉េខាងត្បូង ក្រោមហេតុផលសន្តិសុខជាតិ បើទោះជាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធា្លប់អះអាងជាច្រើនដងថា THAAD មានគោលដៅតែទៅលើកូរ៉េខាងជើងតែមួយគត់ក៏ដោយ៕