(សេអ៊ូល)៖ ក្រុមមេធាវីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានច្រានចោលគំរោងក្នុងការសួរចម្លើយទៅលើរូបលោកស្រី ដោយក្រុមរដ្ឋអាជ្ញាពិសេសដែលកំពុងធ្វើការស៊ើបអង្កេតជុំវិញ រឿងអាស្រូវនយោបាយពុករលួយដ៏ខ្មៅងងឹតនៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នកនាំពាក្យរបស់ការិយាល័យរដ្ឋអាជ្ញាពិសេសលោក Lee Kyu-Chul បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ផែនការខាងលើត្រូវបានរៀបចំឡើងដើម្បីធ្វើការសាកសួរទៅលើលោកស្រី ផាក គឺនហេ ក្នុងថ្ងៃព្រហស្បតិ៍នេះនៅឯកន្លែងសម្ងាត់មួយ។ ប៉ុន្តែការិយាល័យរបស់លោកស្រី ផាក បានផ្តល់ដំណឹងមកកាន់ក្រុមរដ្ឋអាជ្ញាពិសេសថា ពួកគេបានលុបចោលការព្រមព្រៀងគ្នាទាក់ទងនឹងការសួរចម្លើយនេះហើយ។
លោក Lee បានបន្ថែមថា «ទោះជាយ៉ាងណាពុំមានការផ្លាស់ប្តូរគោលជំហរដែលថា ការសួរចម្លើយទល់មុខគ្នាលើលោកស្រីប្រធានាធិបតីពិតជាចាំបាច់នោះឡើយ ក៏ប៉ុន្តែមិនទាន់ការសម្រេចចិត្តជាពិសេសស្តីពីកាលបរិច្ឆេទ នៃការសាកសួរនេះនៅឡើយទេចាប់ពីពេលនេះតទៅ»។
លោក Lee បានឲ្យដឹងទៀតថា ក្រុមមេធាវីរបស់លោកស្រី ផាក គឺនហេ បានជូនដំណឹងដល់ការិយាល័យរដ្ឋអាជ្ញាពិសេសពីការសម្រេចចិត្តរបស់ពួកគេ នៅក្រោយពេលស្ថានីយ៍ទូរទស្សន៍មួយ បានចេញផ្សាយនាថ្ងៃអង្គារសប្តាហ៍នេះថា លោកស្រី ផាក នឹងត្រូវចូលខ្លួនឲ្យសាកសួរចម្លើយនៅថ្ងៃព្រហស្បតិ៍នេះ នៅការិយាល័យមួយ ស្ថិតក្នុងបរិវេណនៃវិមានប្រធានាធិបតី Blue House ហើយលោក Lee មិនបានដឹងច្បាស់ឡើយថាហេតុអ្វីបានសេចក្តីរាយការណ៍ព័ត៌មាននេះ បានបណ្តាលឲ្យមានការសម្រេចចិត្តលុបចោលការសួរចម្លើយបែបនេះទៅវិញ។
គួរបញ្ជាក់ថាលោកស្រី ផាក គឺនហេ ដែលត្រូវបានសភាបោះឆ្នោតទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ដោយជាប់សង្ស័យថាបានរួមគំនិតគ្នាជាមួយមិត្តភក្តិដ៏ជិតស្និទ្ធម្នាក់ឈ្មោះ Choi Soon-Sil ដាក់សម្ពាធបង្ខំឲ្យក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងធ្វើការបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងមូលនិធិមួយចំនួន ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រកិច្ចផ្តួចផ្តើមគោលនយោបាយរបស់លោកស្រី ប្រធានាធិបតី។ ក្រៅពីនេះលោកស្រី ផាក ដែលត្រូវបានព្យួរអំណាចជាបណ្តោះអាសន្ន ខណៈតុលាការធម្មនុញ្ញកូរ៉េខាងត្បូងធ្វើការពិចារណាលើសំណើក្នុងការទម្លាក់លោកស្រីចេញពីតំណែងតែម្តងនោះ ក៏បានជាប់ចោទពីបទអនុញ្ញាតឲ្យស្ត្រី Choi ប្រើប្រាស់ឥទ្ធិពលខុសច្បាស់ទៅលើកិច្ចផ្ទៃក្នុងរបស់រដ្ឋផងដែរ៕