(សេអ៊ូល)៖ ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានធ្លាក់ចុះយ៉ាងគំហុកមកនៅកំរិតត្រឹមតែ ១០០,០០០ដុល្លារប៉ុណ្ណោះកាលពីឆ្នាំ២០១៦ នៅក្នុងបរិបទទីក្រុងព្យុងយ៉ាងកំពុងជាប់ទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងសហគមន៍អន្តរជាតិ ដោយសារតែកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ នេះបើតាមការិយាល័យជំរឿនអាមេរិក Census Bureau ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
Census Bureau ផ្អែកលើទិន្នន័យរបស់ខ្លួនបានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីអាមេរិក-កូរ៉េខាងជើង មានត្រឹមតែ ១៣៩,៣៣៤ដុល្លារកាលពីឆ្នាំ២០១៦ ឬស្មើនឹង ២.៩ភាគរយនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៥។ ម្យ៉ាងវិញទៀតនេះក៏ជាលើកទី១ផងដែរ ដែលទំហំពាណិជ្ជកម្មទ្វេភាគីនេះធ្លាក់ចុះមកនៅត្រឹមតម្លៃ ១០០,០០០ដុល្លារគិតចាប់តាំងពីឆ្នាំ១៩៩២មក ដោយមិនរាប់បញ្ជូលឆ្នាំ២០០៦ ជាពេលទីក្រុងព្យុងយ៉ាង សាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកដំបូង។
គួរបញ្ជាក់ថាបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួនពីរលើក និងមីស៊ីលជាបន្តបន្ទាប់កាលពីឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានផ្អាករាល់ការធ្វើពាណិជ្ជកម្ម ហើយក៏មិនបាននាំចូលអី្វពីកូរ៉េខាងជើងទៀតនោះដែរ៕