(ម៉ូស្គូ)៖ នាវាចម្បាំងប្រឆាំងនឹងនាវាមុជទឹកឈ្មោះ Severmorsk របស់កងទ័ពជើងទឹករុស្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានហើយ ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធាជើងទឹកលក្ខណៈអន្តរជាតិ Aman 2017 ដ៏ធំបំផុតមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
នាវាច្បាំងដ៏មានអនុភាពខាងលើដែលចាកចេញមកពីកំពង់ផែសាឡាឡាហ៍ (Salalah) ក្នុងប្រទេសអូម៉ង់ (Oman) នឹងចូលរួមក្នុងការធ្វើសមយុទ្ធយោធាជើងទឹក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រស្អែកនេះនៅក្នុងដែនទឹកនៃតំបន់សមុទ្រអារ៉ាប់ និងនៅមូលដ្ឋានទ័ពជើងទឹកប៉ាគីស្ថាន ដែលស្ថិតនៅកំពង់ផែទីក្រុងការ៉ាជី (Karachi)។
គួរបញ្ជាក់ថា សមយុទ្ធលក្ខណៈអន្តរជាតិនេះ នឹងមានការចូលរួមពីសំណាក់កងទ័ពជើងទឹករបស់បណ្តាប្រទេសចំនួន០៨នៅលើពិភពលោក ហើយត្រូវបានធ្វើឡើងដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំង ក៏ដូចជាកម្ចាត់សកម្មភាពចោរសមុទ្រ និងការពារចក្រផ្លូវធ្វើពាណិជ្ជកម្មអន្តរជាតិ។ នៅក្នុងអំឡុងនៃការហ្វឹកហ្វឺននេះផងដែរ សហសេវិកនៃនាវាចម្បាំង Severomorsk នឹងធ្វើការសហការជាមួយក្រុមការងារមកពីប៉ាគីស្ថាន, ចិន, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, តួកគី, និងប្រទេសដទៃៗមួយចំនួនទៀត៕