(វ៉ាស៊ីនតោន)៖ ប្រទេសកាណាដាជំទាស់ដាច់ចំពោះគំនិតរបស់សហរដ្ឋអាមេរិក ដែលចង់បង្ខំឲ្យមានការបង់ពន្ធនាំចូលតាមច្រកព្រំដែន ហើយនឹងចាត់វិធានការឆ្លើយតបទៅវិញជាក់ជាមិនខានចំពោះទង្វើបែបនេះ ដែលនេះគឺជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland នៅថ្ងៃពុធសប្តាហ៍ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) នៅក្រោយជំនួបលើកដំបូងរបស់លោកស្រីជាមួយនិងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក រិច ធីល្លឺសុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
កិច្ចជំនួបពិភាក្សាខាងលើរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរបានលើកឡើងអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃតំបន់អាមេរិកខាងជើង (NAFTA) ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចង់ធ្វើការចរចាឡើងវិញនោះ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅពេលបន្តិចក្រោយមក លោកស្រី Chrystia Freeland បានឲ្យដឹងថារូបលោកស្រីបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងជំនួបពិភាក្សាជាមួយលោក Rex Tillerson ថាភាគីកាណាដានឹងជំទាស់ដាច់ខាតចំពោះ គំនិតនៃការបង្ខំឲ្យមានការបង់ពន្ធនាំចូលតាមច្រកព្រំដែនទៅលើទំនិញរបស់ប្រទេសកាណា នៅក្នុងកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀង NAFTA ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។
លោកស្រី Freeland បានគូសបញ្ជាក់ថា «បើសិនជាគំនិតបែបនេះអាចនឹងលេចឡើងជារូបរាងពិតមែននោះ ប្រទេសកាណាដាច្បាស់ជានឹងរិះរកចំណាត់ការដើម្បីធ្វើការឆ្លើយតបទៅវិញយ៉ាងសាកសម» ប៉ុន្តែលោកស្រីលើកឡើងថា រដ្ឋាភិបាលទីក្រុងអូតាវ៉ា មិនទាន់បានដឹងថាតើអ្វីនឹងជាគោលជំហរបើកទូលាយរបស់សហរដ្ឋអាមេរិកឡើយ។
ជាមួយគ្នានេះ លោក Luis Videgaray រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ិចស៊ីកូ ដែលជាប្រទេសហត្ថលេខីមួយផងដែរនោះនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃតំបន់អាមេរិកខាងជើង ក៏បានពិភាក្សាជាមួយលោក Rex Tillerson នៅក្នុងជំនួបដាច់ដោយឡែកមួយផ្សេងទៀតផងដែរ។ កាណាដានិងម៉ិចស៊ិកូ តាំងពីដើមរៀងមកបានធ្វើការបញ្ជូនផលិតផលនាំចេញរបស់ពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់មកកាន់ សហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរនេះអាចប្រឈមនឹងការរាំងស្ទះយ៉ាងធ្ងន់ធ្ងរដោយសារការផ្លាស់ប្តូរដ៏សំខាន់ណាមួយនៅក្នុងកិច្ចព្រមព្រៀង NAFTA ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានហៅថាជា «គ្រោះមហន្តរាយ» ដ៏ធំមួយនោះ។
គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ បានអះអាងថា NAFTA ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៤ បានបង្កផលប៉ះពាល់ខ្លាំងដល់ប្រជាជនអាមេរិក។ ដោយឡែកកិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងសំដៅលើកលែងការបង់ពន្ធលើទំនិញនាំចូលតាមច្រកព្រំដែន រវាងប្រទេសកាណាដា ម៉ិចស៊ីកូ និងសហរដ្ឋអាមេរិក៕