(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថាលោកចង់បង្កើតយុទ្ធសាស្ត្រថ្មីមួយក្នុងនោះរួមមានទាំងការប្រើប្រាស់យន្ដការការទូត និងកម្លាំងយោធាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ពីសំណាក់កូរ៉េខាងជើង ដែលលោកផ្ទាល់បានចាត់ទុកថាជា «ផ្កាយព្រះគ្រោះ» សម្រាប់សន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក រិច ធីល្លឺសុន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងលិខិតឆ្លើយតបមួយទៅនឹងសំណួររបស់ព្រឹទ្ធសមាជិក លោក Ben Cardin នៅមុនពេលលោកត្រូវបានព្រឹទ្ធសភាអាមេរិក អនុម័តទទួលស្គាល់ជារដ្ឋមន្ត្រីការបរទេសអាមេរិក។ «កូរ៉េខាងជើង ជាការគំរាមកំហែងមួយដ៏ធំដល់សន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិ ហើយបើសិនវាជាការពិតខ្ញុំនឹងធ្វើការងារ យ៉ាងជិតស្និទ្ធ ជាមួយសហសេវិកអន្តរស្ថាប័នរបស់ខ្ញុំ ក្នុងការបង្កើតយុទ្ធសាស្ត្រថ្មីទប់ស្កាត់ការគំរាមកំហែង ពីសំណាក់ទីក្រុងព្យុងយ៉ាងទៅលើប្រទេសជិតខាងនិងសហគមន៍អន្តរជាតិ»។ នេះបើតាមសម្តីរបស់លោក រិច ធីល្លឺសុន។
លោក ធីល្លឺសុន បន្ថែមទៀតថា «គន្លឹះនៃយុទ្ធសាស្ត្រថ្មីនេះនោះគឺការធ្វើកិច្ចសហការយ៉ាងជិតស្និតជាមួយកូរ៉េខាងត្បូង និង ជប៉ុន ព្រមទំាងស្វែងរកការគាំទ្រពីចិននិងរុស្ស៊ីបើអាចធ្វើទៅបាន ដើម្បីដាក់សំពាធលើកូរ៉េខាងជើង។ ក៏ប៉ុន្តែទន្ទឹមគ្នានោះសហរដ្ឋអាមេរិក ក៏គួរតែរក្សាឬប្រើប្រាស់ផងដែរ គ្រប់លទ្ធភាព ឬក៏មធ្យោបាយទំាងអស់ក្នុងនោះរួមមានទំាងកិច្ចចរចាតាមផ្លូវទូត និងការប្រើប្រាស់កម្លំាងយោធានៅជម្រើសចុងក្រោយ»។
គួរបញ្ជាក់ថាបើតាមលោក រិច ធីល្លឺសុន កូរ៉េខាងជើងនឹងនៅតែបន្តអភិវឌ្ឍន៍ ឬបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដដែល ល្គឹកណាយុទ្ធសាស្ត្រថ្មីនេះមិនត្រូវបាន អនុម័តទេនោះ៕