(ស៊ីដនី)៖ ប៉ូលិសនៅតែកំពុងស្វែងរកតាមចាប់អ្នកទោសជាង៦០នាក់ ដែលបានរត់គេចខ្លូនចេញពីពន្ធនាគារ Bei-Ubi ស្ថិតនៅតំបន់ខ្ពង់រាបភាគខាងត្បូងនៃប្រទេសដីកោះប៉ាពួញូហ្គីណេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ទោះបីជាការហែកគុកខាងលើបានកើតឡើងតាំងពីថ្ងៃសុក្រសប្តាហ៍មុនម៉្លេះនោះ មេបញ្ជាការនៃអង្គភាពប៉ូលិសភាពខាងលិចនៃតំបន់ខ្ពង់រាបខាងលើ លោក Kaiglo Ambane បានប្រាប់សារព័ត៌មានក្នុងតំបន់ The National ថាកម្លាំងសមត្ថកិច្ចទើបតែបានទទួលដំណឹងនេះនាថ្ងៃចន្ទដើមសប្តាហ៍នេះប៉ុណ្ណោះ និងបានទទួលស្គាល់ថា តួលេខនៃចំនួនទណ្ឌិតដែលបានរត់គេចខ្លួន អាចច្រើនដល់ទៅចំនួន៨០នាក់ឯណោះ។
ជុំវិញបញ្ហានេះលោក Kaiglo Ambane ពីមុនមកក៏ធ្លាប់បានលើកឡើងពីក្តីព្រួយបារម្ភរបស់លោក ចំពោះភាពកកកុញនៅក្នុងប្រព័ន្ធពន្ធនាគារ Bei-Ubi ផងដែរ។ លោក Ambane បាននិយាយថា «ពន្ធនាគារនេះមានសមត្ថភាពក្នុងការផ្ទុកអ្នកទោសបានចំនួន១៥០នាក់ប៉ុន្តែត្រូវបានបង្ខំឲ្យផ្ទុកអ្នកទោសដល់ទៅចំនួន២១០នាក់កាលពីសប្តាហ៍មុន នៅមុនពេលការហែកគុកបានកើតឡើងតែម្តង ហើយមួយវិញទៀតនៅទីនោះក៏បានជួបប្រទះភាពខ្វះខាតនៃចំនួនមន្រ្តីសន្តិសុខការពារសណ្តាប់ធ្នាប់ក្នុងគុកថែមទៀតផង»។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៦ មនុស្សចំនួន១១នាក់ត្រូវបានបាញ់សម្លាប់ នៅពេលដែលអ្នកទោសចំនួន៧០នាក់បានរត់គេចខ្លួនពីពន្ធនាគារឈ្មោះ Buimo ហើយកាលពីខែមករាកន្លងទៅនេះក៏មានការហែកគុក នៅពន្ធនាគារមួយកន្លែងផ្សេងទៀតឈ្មោះ Wewak ស្ថិតនៅតំបន់ឆ្នេរភាគខាងជើងប្រទេសប៉ាពួញូហ្គីណេ ជាមួយចំនួនអ្នកទោសជាក់លាក់ដែលបានរត់គេចខ្លួន ពុំត្រូវបានដឹងច្បាស់ឡើយ៕