(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនពរជាផ្លូវការមកកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង សម្រាប់ឱកាសឆ្នាំថ្មីប្រពៃណីចិនដែលទើបកន្លងផុតទៅថ្មីៗនេះ ហើយក្នុងនោះមេដឹកនាំថ្មីរបស់មហាអំណាចលេខ១លើពិភពលោករូបនេះ ក៏បានបញ្ជាក់ពីការចង់បាន «ការអភិវឌ្ឍទំនាក់ទំនងប្រកបដោយផ្លែផ្កា» ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ការផ្ញើលិខិតជូនពរលោកប្រធានាធិបតីចិន ពីសំណាក់ប្រធានាធិបតីអាមេរិកនេះដែរ បានធ្វើឡើងអំឡុងពេលដែលមហាយក្សទាំងពីរ កំពុងតែមានភាពរកាំរកូសជាមួយគ្នាក្នុងរឿងជាច្រើនដូចជា បញ្ហាប្រព័ន្ធមីស៊ីល THAAD នៅកូរ៉េខាងត្បូង, ការរឹតបន្តឹងផ្នែកពាណិជ្ជកម្មរបស់អាមេរិកទៅលើចិន, ការបង្ហាញសញ្ញាគាំទ្រកោះតៃវ៉ាន់ពីសំណាក់រដ្ឋបាលអាមេរិកថ្មី, និងការផ្លោងពាក្យសម្តីដាក់គ្នារវាងរដ្ឋាភិបាលទាំងពីរលើបញ្ហាសមុទ្រចិនខាងត្បូងជាដើម។
សម្រាប់លិខិតជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី «ឆ្នាំមាន់មាសតាមប្រពៃណីចិន» នេះដែរលោក ត្រាំ ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលបានផ្ញើលិខិតអបអរសាទរចំពោះការឡើងកាន់តំណែងថ្មីរបស់ប្រធានធិបតីអាមេរិករូបនេះ កាលពីថ្ងៃទី២០ ខែមករា ផងដែរ។ ក្រសួងការបរទេសចិន ភ្លាមៗបែបនេះមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយឆ្លើយតបនឹងលិខិតរបស់មហាអំណាចអាមេរិកនេះឡើយ៕