(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកដែលកំពុងពោរពេញដោយការខ្វែងគំនិតគ្នា នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បានបោះឆ្នោតសម្រេចទទួលស្គាល់លោក Jeff Sessions ជាអគ្គរដ្ឋអាជ្ញាថ្មីរបស់សហរដ្ឋអាមេរិកហើយ បន្ទាប់ពីមានការប្រឆាំងមួយចំនួនពីសំណាក់សមាជិកបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Jeff Sessions ដែលបានបំពេញតួនាទីអស់រយៈពេលពីរទសវត្សរ៍ នៅក្នុងព្រឹទ្ធសភាជាតិក្នុងនាមជាអ្នកតំណាងរាស្រ្តនៃរដ្ឋ Alabama ត្រូវបានទទួលស្គាល់ដោយសំឡេងគាំទ្រ ៥២-៤៧សំឡេងនៅក្រោយពេលដែលក្រុមបក្សប្រជាធិបតេយ្យក៏ដូចជាក្រុមឃ្លាំមើលសិទ្ធិមនុស្ស និងការធ្វើអន្តោប្រវេសន៍បានបង្ហាញពីក្តីភ័យព្រួយយ៉ាងខ្លាំង អំពីកំណត់ត្រារបស់លោក Sessions នៃគោលជំហរដ៏ចម្រូងចម្រាស់ពាក់ព័ន្ធការរើសអើងពូជសាសន៍ ការធ្វើអន្តោប្រវេសន៍ និងការធ្វើកំណែទម្រង់ប្រព័ន្ធតុលារព្រហ្មទណ្ឌ។
គួរបញ្ជាក់ថានាពេលនេះលោក Jeff Sessions ចាប់ពីពេលនេះតទៅនឹងមាននាទីទទួលបន្ទុកមើលការខុសត្រូវលើក្រសួងយុត្តិធម៌ និងបុគ្គលិកទាំង១១៣,០០០នាក់នៅទីនោះ ដោយរួមបញ្ចូលទាំងមេធាវីអាមេរិកចំនួន៩៣នាក់ផងដែរ។ ម៉្យាងវិញទៀតដោយលោក Sessions ទទួលបានសិទ្ធិពេញលេញក្នុងការឡើងកាន់តំណែងជាអគ្គរដ្ឋអាជ្ញាអាមេរិក បេក្ខភាពគណៈរដ្ឋមន្រ្តីចំនួន០៨រូបហើយ នៅក្នុងចំណោមបុគ្គលទាំង២២រូបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតទទួលស្គាល់៕