(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានបាញ់សាកល្បងមីស៊ីលជាថ្មីម្ដងទៀត ហើយដែលការបាញ់សាកល្បងនេះធ្វើឡើងមិនដល់មួយសប្ដាហ៍ស្រួលបួលផង បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងទីក្រុងតេហេរ៉ង់ សម្រាប់ការសាកល្បងមីស៊ីលផ្លោងនាពេលថ្មីៗនេះ ប៉ុន្តែទន្ទឹមគ្នានោះទាំងខាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ពុំទាន់ទទួលស្គាល់ព័ត៌មាននេះនៅឡើយទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកដកស្រង់ដោយសារព័ត៌មាន CGTN របស់ចិន និង Fox News នៅមុននេះបន្តិចនាព្រឹកនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមស្ថានីយ៍ទូរទស្សន៍ Fox News ដោយស្រង់សម្ដីពីមន្រ្តីរដ្ឋាភិបាលអាមេរិក មីស៊ីលដែលអ៊ីរ៉ង់បាញ់សាកល្បងជាប្រភេទមីស៊ីលរយៈខ្លី Mersad និងត្រូវបានបាញ់ចេញពីខេត្ត Semnan ស្ថិតនៅចំងាយ២២៥គីឡូម៉ែត្រនៃភាគខាងកើតទីក្រុងតេហេរ៉ង់ ជាទីដែលអ៊ីរ៉ង់ធ្លាប់បានបាញ់សាកល្បងមីស៊ីលផ្លោងកាលពីថ្ងៃទី២៩ ខែមករា កន្លងទៅ។
គួររំលឹកថាកាលពីថ្ងៃទី០៣ ខែកុម្ភៈកន្លងទៅសហរដ្ឋអាមេរិកទើបតែបានសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងតេហេរ៉ង់ សម្រាប់ការរំលោភលើសម្រេចក្ដី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀមនុយក្លេអ៊ែរ ជាមួយបណ្ដាប្រទេសមហាអំណាចប្រាំបូកមួយ (សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស បារំាង និងអាល្លឺម៉ង់)។ នេះបើតាមព័ត៌មានពីមន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន៕