(ព្រុចសែល)៖ ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមិនអាចប្រសើរឡើងវិញឡើយ នៅពេលអានាគតដ៏ខ្លីខាងមុខ ដោយសារតែចក្ខុវិស័យថ្មីរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ចំពោះអឺរ៉ុប។ នេះបើតាមអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហភាពអឺរ៉ុប លោក Vladimir Chizhov ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមលោក Vladimir Chizhov ការរិះគន់គ្នាទៅវិញទៅមករវាងលោក ត្រាំ និងសហភាពអឺរ៉ុប បានកើតឡើងជាបន្តបន្ទាប់ទាំងកាលពីនៅក្នុងអំឡុង និងក្រោយពេលយុទ្ធនាការឃោសនាបោះឆ្នោត។ ប៉ុន្តែអ្វីគួរឱ្យកត់សម្គាល់នោះគឺមានសេចក្ដីរាយការណ៍ថា ប្រធានាធិបតីអាមេរិករូបនេះមានបំណងតែងតាំងបុរសគាំទ្រ Brexit ម្នាក់លោក Ted Malloch ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំសហភាពអឺរ៉ុប ដែលវាបាននិងកំពុងបង្កជាសំណួរជាច្រើនជុំវិញស្ថេរភាព នៃអានាគតសហភាពអឺរ៉ុប ព្រមទាំងការព្យាករណ៍ពីការដួលរលំតំបន់ចាយប្រាក់អឺរ៉ូ។
លោក Vladimir Chizhov នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik បានលើកឡើងថា «ខ្ញុំគិតថាទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនឹងមិនអាចដូចដើមវិញឡើយ នាពេលដ៏ខ្លីខាងមុខ ក៏ប៉ុន្តែខ្ញុំហ៊ានអះអាងថាយើង (រុស្ស៊ី) មិនសប្បាយ ឬរំពឹងចង់ឱ្យរឿងដូចនេះ កើតឡើងនោះទេ។ ម្យ៉ាងវិញទៀតបញ្ហាទំនាក់ទំនងនេះ មិនផ្ដោតតែទៅលើបុគ្គលលោក ដូណាល់ ត្រាំ តែម្នាក់ឯងនោះទេ តែវាក៏មានជាប់ពាក់ព័ន្ធផងដែរ នឹងការតែងតាំងអ្នកតំណាងអាមេរិកដែលគ្រាំទ្រ Brexit ទៅប្រចាំការនៅសហភាពអឺរ៉ុប»។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃក្រោយលោក ដូណាល់ ត្រាំ ស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិក សង្រ្គាមពាក្យសម្ដីផ្លោងដាក់គ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុបចេះតែកើតឡើង ជាពិសេសគឺនៅបន្ទាប់ពីលោក ត្រាំ រិះគន់ចំៗលើគោលនយោបាយជនភៀសខ្លួន របស់អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជែឡា ម៉ាគែល។ ចំណែកឯនាពេលថ្មីៗនេះលោកស្រី ម៉ាគែល និងថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន ក៏បានររិះគន់លើប្រធានាធិបតីរូបនេះ ដែរជុំវិញបទបញ្ជាស្ដីពីជនភៀសខ្លួន និងការហាមឃាត់ប្រជាជនមកពីប្រទេសមូស្លីម ចំនួន០៧ចូលក្នុងសហរដ្ឋអាមេរិក៕