(ឡុងដ៏)៖ មូលនិធិអន្តរជាតិ Varkey Foundation បានឱ្យដឹងថា «សុខភាពផ្លូវចិត្ត» របស់យុវជនអង់គ្លេសមួយចំនួនធំ ស្ថិតនៅក្នុងកំរិតមួយដ៏ទាប ខណៈយុវជនអង់គ្លេសតែ១៥ភាគរយប៉ុណ្ណោះ និយាយថាពួកគេបានដេកគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ការសិក្សាស្រាវជ្រាវរបស់ Varkey Foundation គឺធ្វើឡើងដោយផ្អែកទៅលើការវិភាគអាកប្បកិរិយានៃយុវជនមានអាយុចន្លោះពី១៥ ដល់២០ឆ្នាំ ក្នុងបណ្ដាប្រទេសចំនួន២០ តាមរយៈការពិនិត្យលើកំរិត សុទិដ្ឋិនិយម ទំនុកចិត្ត និងអារម្មណ៍នៃក្ដីស្រឡាញ់។ បន្ថែមពីលើនេះ ការសិក្សាស្រាវជ្រាវដដែល ក៏បានបង្ហាញដែរថាជប៉ុន ជាប្រទេសតែមួយគត់ដែលមានកំរិតសុខមាលភាពផ្លូវចិត្តទាបជាងអង់គ្លេស ខណៈកូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថាជាប្រទេសតែមួយគត់ ដែលមានយុវជនមិនចូលចិត្តធ្វើសកម្មភាពអ្វីសោះនៅកន្លែងពួកគេរស់នៅ។
គួរបញ្ជាក់ថា Varkey Foundation បានធ្វើការសិក្សាស្រាវជ្រាវលើយុវជនជាង ២០,០០០នាក់ នៅក្នុងប្រទេសចំនួន២០ ក្នុងនោះរួមមាន អង់គ្លេស សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ ឥណ្ឌា ចិន អាហ្សង់ទីន ឥណ្ឌូណេស៊ី ជប៉ុន និងកូរ៉េខាងត្បូងជាដើម៕