Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអាមេរិក ហៅការសម្រេចចិត្តរបស់តុលាការកំពូល​ ថាមានលក្ខណៈ «នយោបាយ»!

09-02-2017 09:04

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃពុធ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ថាបទបញ្ជារបស់លោក ស្ដីពីជនអន្តោប្រ វេសន៍និងការហាមឃាត់ជាបណ្ដោះអាសន្ន ប្រជាជនមកពីបណ្ដាប្រទេសមូស្លីមចំនួន០៧ ចូលក្នុងសហរដ្ឋអាមេរិក គឺជាវិធានាការចាំបាច់ដើម្បី ការពារសន្តិសុខជាតិ ហើយថាការសម្រេចចិត្តរាំងខ្ទប់ ពីសំណាក់តុលាការកំពូលមានលក្ខណៈ «នយោបាយ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយ នៅចំពោះមុខក្រុមមន្ត្រីអនុវត្តច្បាប់ ក្នុងទីក្រុងវ៉ាស៊ីនតោន។ ថ្លែងនៅក្នុងឱកាសនោះដែរ ប្រធានាធិបតីអាមេរិករូបនេះ នៅតែបន្តរិះគន់តុលាការកំពូលអាមេរិកថា ការសម្រេចចិត្តរារាំងការអនុវត្តន៍ បទបញ្ជាស្ដីពីជនអន្តោប្រវេសន៍ គឺជារឿងនយោបាយ។ លោក ត្រាំ លើកឡើងដូច្នេះថា៖ «ខ្ញុំមិនដែលចង់ហៅតុលាការថាលំអៀងនោះទេ ដូច្នេះខ្ញុំនឹងមិនហៅតុលាការថាលំអៀងឡើយ។ យើងនៅមិនទាន់ធ្វើការ សម្រេចចិត្ត ណាមួយនោះទេ ក៏ប៉ុន្តែតុលាការបែរជាត្រូវបានគេមើលឃើញ ថាមានលក្ខណៈនយោបាយទៅវិញ (...) វានឹងក្លាយជារឿងអស្ចារ្យសម្រាប់ ប្រព័ន្ធតុលាការរបស់យើង បើសិនជាពួកគេ (តុលាការ) អាចធ្វើអ្វីដែលត្រឹមត្រូវ ដើម្បីសន្តិសុខជាតិរបស់យើង»

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថានោះ លោក ដូណាល់ ត្រាំ ក៏បានអត្ថាធិប្បាយផងដែរ ពីអំពើហិង្សាប្រឆាំងនឹងប៉ូលិស។ «យើងគួរតែធ្វើការងារជាមួយនឹងពួកគាត់ (ប៉ូលិស) មិនមែនប្រឆាំងនឹងពួកគាត់នោះឡើយ ហើយខ្ញុំនឹងមិនលើកលែងឱ្យជាដាច់ខាត ចំពោះអំពើហិង្សាប្រឆាំងនឹងប៉ូលិស»។ នេះបើតាមលោក ដូណាល់ ត្រាំ៕