(ម៉ូស្គូ)៖ កងកម្លាំងការពារ និងប្រយុទ្ធតាមផ្លូវអាកាសរបស់ប្រទេសរុស្ស៊ី ត្រូវបានដាក់ឲ្យត្រៀមលក្ខណៈយ៉ាងពេញលេញបំផុត នៅក្រោមក្របខ័ណ្ឌនៃការត្រួតពិនិត្យដោយមិនបានគ្រោងទុកជាមុនមួយ ដែលត្រូវបានបង្គាប់បញ្ជាដោយលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន។ នេះបើតាមការដកស្រង់ព័ត៌មានពីក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះរបស់ក្រសួងខាងលើបានបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់អង្គភាពការពារដែនអាកាសនៃតំបន់ទីក្រុងម៉ូស្គូ និងតំបន់ឧស្សាហកម្មកណ្តាល ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងកម្រិតនៃការប្រុងជើងការខ្ពស់បំផុត។ ក្រុមការពារអាកាសត្រូវបានបង្គាប់ឲ្យធ្វើការយាមល្បាត ដើម្បីសម្រេចភារកិច្ចនានានៃការហ្វឹកហ្វឺននេះ»។
ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានថ្លែងថា «ការត្រួតពិនិត្យឥតព្រាងទុកដែលបានចាប់ផ្តើមនៅថ្ងៃអង្គារម្សិលមិញនេះ ក្នុងគោលបំណងសំដៅធ្វើការស្ទាបស្ទង់ ទៅលើសមត្ថភាពនៃការត្រៀមលក្ខណៈរបស់ពួកគេ ក្នុងការអនុវត្តន៍កិច្ចការហ្វឹកហាត់ផ្សេងៗ»។ ហើយបើយោងតាមសេចក្តីថ្លែងការណ៍ខាងលើដដែលអង្គភាពនៃប្រព័ន្ធមីស៊ីលការពារអាកាស C-300, C-400, និង Carapace-C ត្រូវបានដាក់ពង្រាយទៅក្នុងឱកាសនោះ។
គួរបញ្ជាក់ថានៅក្នុងអំឡុងការហ្វឹកហ្វឺនក្រុមចូលរួមទាំងអស់ត្រូវបានបង្វឹកឲ្យចេះយកឈ្នះលើតំបន់ ដែលសម្បូរដោយគ្រាប់មីន, វាយបណ្តេញការវាយប្រហារពីសំណាក់ក្រុមឈ្លបយកការណ៍, កម្ទេចកម្លាំងសត្រូវ, និងធ្វើដំណើរឆ្លងកាត់ផ្លូវដែលមានសណ្ឋានលំបាកៗ៕