(ម៉ានីល)៖ ប្រទេសហ្វីលីពីនកំពុងព្យាយាមស្វែងរកជំនួយពីសហរដ្ឋអាមេរិក និងប្រទេសចិនដើម្បីធ្វើការការពារផ្លូវសមុទ្រដ៏សំខាន់បំផុតមួយ ស្របពេលក្រុមរដ្ឋអ៊ីស្លាម ISIS បានផ្លាស់ប្តូរគោលដៅវាយប្រហារទៅលើការដឹកជញ្ជូនទំនិញលក្ខណៈអន្តរជាតិវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមមន្រ្តីនៃកងកម្លាំងឆ្មាំការពារសមុទ្រនៃប្រទេសហ្វីលីពីន រដ្ឋាភិបាលទីក្រុងម៉ានីលមិនចង់ឲ្យច្រកសមុទ្រស៊ីប៊ូទូ (Sibutu) ដែលស្ថិតនៅរវាងរដ្ឋសាបាហ៍ (Sabah) របស់ប្រទេសម៉ាឡេស៊ី និងតំបន់ភាគខាងត្បូងហ្វីលីពីន ប្រែក្លាយទៅជាកន្លែងជ្រកកោនរបស់ក្រុមចោរសមុទ្រនោះឡើយ។ ចក្រសមុទ្រទឹកជ្រៅដែលត្រូវបានប្រើប្រាស់ដោយនាវាប្រមាណ ១៣,០០០គ្រឿងជារៀងរាល់ឆ្នាំនេះ ផ្តល់ផ្លូវធ្វើដំណើរដ៏រហ័សជាងគេបំផុតរវាងប្រទេសអូស្រ្តាលី និងប្រទេសចិន ជប៉ុន ក៏ដូចជាកូរ៉េខាងត្បូងជាដើម។
ជាមួយគ្នានេះដែរលោកមេបញ្ជាការ Joel Gearcia ជាប្រធាននៃកងកម្លាំងឆ្មាំការពារដែនសមុទ្រហ្វីលីពីនបានលើកឡើងថា «ប្រសិនបើម្ចាស់នាវាទាំងអស់ សម្រេចធ្វើដំណើរក្រឡឹងឆ្វែលតំបន់នោះដើម្បីតែជៀសវាងការចាប់ជំរិតនៅក្នុងសកម្មភាពតាមផ្លូវសមុទ្រដោយក្រុមភេរវករទាំងនេះ វាប្រាកដណាស់នឹងមានការចំណាយជាច្រើនបន្ថែមទៀត ហើយបើបញ្ហាចោរសមុទ្រនេះនៅតែបន្តកើនឡើងរហូតក្លាយទៅជាតំបន់ចោរសមុទ្រពេញទំហឹងនោះ ពួកគេនឹងគេចពីចក្រផ្លូវដំណើរនេះជាក់ជាមិនខាន។ មួយវិញទៀតបញ្ហាមិនមែនតែជាក្តីព្រួយបារម្ភរបស់ហ្វីលីពីន ឬមួយក៏ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីឡើយ ប៉ុន្តែក៏ជារបស់សមាគមដឹកជញ្ជូនអន្តរជាតិទាំងមូលផងដែរ»។ ហេតុដូចនេះរដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana បានឲ្យដឹងថា ទីក្រុងម៉ានីលគ្រោងនឹងស្នើសុំដល់សម្ព័ន្ធមិត្តនៃវិស័យការពារជាតិដ៏យូរអង្វែងរបស់ខ្លួនគឺសហរដ្ឋអាមេរិក ឲ្យធ្វើសមយុទ្ធរួមគ្នាមួយចំនួននៅលើផ្ទៃទឹក ក្បែរភាគខាងត្បូងហ្វីលីពីនដើម្បីដោះស្រាយបញ្ហានេះ។ ម៉្យាងវិញទៀតប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ កាលពីសប្តាហ៍មុនបានទទូចឲ្យចិនបើកយុទ្ធនាការល្បាត នៅតាមដែនទឹកដែលពោរពេញទៅសកម្មភាពចោរសមុទ្រ។
គួរបញ្ជាក់ថាត្រឹមតែរយៈពេលចំនួន០៦ខែចុងក្រោយនេះប៉ុណ្ណោះ កងល្បាតដែនសមុទ្រហ្វីលីពីនបានកត់ត្រាករណីចាប់ជំរិត និងចោរសមុទ្រនៅច្រក Sibutu ដល់ទៅ១២ដង៕