(ហាណូយ)៖ តុលាការវៀតណាមនៅក្នុងទីក្រុងហាណូយបានឲ្យដឹងថានឹងកាត់ទោសជនជាតិជប៉ុនចំនួនពីររូបដែលបានលួចរត់ពន្ធរូបបដិមាធ្វើអំពីមាសចំនួន០៧ ដែលត្រូវបានប៉ូលិសចាប់បាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមច្បាប់របស់ប្រទេសវៀតណាម បុរសជប៉ុនទាំងពីររូបខាងលើនេះ នឹងអាចជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ឬក៏អាចមួយជីវិត។ បុរសទាំងពីររូបនេះមានចំណងទិញផលិតផលធ្វើពីមាសនៅប្រទេសវៀតណាម យកទៅលក់នៅប្រទេសជប៉ុនវិញដើម្បីទទួលបានផលកម្រៃខ្ពស់។ គួរបញ្ជាក់ថារូបចម្លាក់មាសខាងលើនេះមានទម្ងន់ជិត ៧គីឡូក្រាម និងមានតម្លៃប្រមាណជាង ៣សែនដុល្លារអាមេរិក ដែលត្រូវបានអាជ្ញាធររឹបអូស ដើម្បីយកទៅធ្វើការស៊ើបអង្កេត៕