(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងតិចចំនួន២៦នាក់បានទទួលរងរបួស និងលំនៅឋានចំនួន២៥០ខ្នងបានរងការបំផ្លិចបំផ្លាញ នៅក្រោយពេលដែលខ្យល់ព្យុះថូណេដូ (Tornado) មួយចំនួនបានវាយប្រហារបន្តបន្ទាប់គ្នាទៅលើតំបន់ភាគខាងត្បូងនៃរដ្ឋល្វីស្សាណា (Louisiana) នារសៀលថ្ងៃអង្គារសប្តាហ៍នេះ (ពេលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមអង្គការឧតុនិយមជាតិអាមេរិក ព្យុះថូណាដូមួយជាមួយនិងល្បឿនខ្យល់បក់ពីចន្លោះ១៧៧គីឡូម៉ែត្រ រហូតដល់២១៦គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារចំភាគកើតនៃទីក្រុងញូអូរលីន (New Orleans) ដែលធំជាងគេបំផុតនៅក្នុងរដ្ឋ Louisiana ហើយបណ្តាលឲ្យមនុស្សយ៉ាងហោចចំនួន២៦នាក់របួស។ បន្ថែមពីនេះខ្យល់ព្យុះកំណាចនេះបានកាត់ផ្តាច់បណ្តាញចរន្តអគ្គិសនីសម្រាប់មនុស្សមិនតិចជាង១០,០០០គ្រួសារឡើយ និងបានបំផ្លិញបំផ្លាញលំនៅឋាន២៥០ខ្នង និងយានជំនិះជាច្រើនគ្រឿងថែមទៀតផង។
ជាមួយគ្នានេះសាលារៀនមួយចំនួននៅក្នុងតំបន់ ក៏បានទទួលរងការខូចខាតផងដែរ ប៉ុន្តែជាសំណាងល្អពុំមានសេចក្តីរាយការណ៍ថា នរណាម្នាក់បានទទួលរងរបួសនោះឡើយ។ ដោយឡែកសាលារៀនខ្លះទៀតនឹងបិទទ្វារផ្អាកដំណើរការ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។
គួរបញ្ជាក់ថាបន្ទាប់ពីបានបញ្ជាក់ថាខ្យល់ព្យុះថូណាដូយ៉ាងហោចណាស់ចំនួន០៦ បានវាយបោកបក់នៅតាមទីតាំងជាច្រើនរួមមាន Ascension, Livingston, New Orleans, St. James, St. Tammany, និង Tangipohoa Parish លោក Hohn B. Edwards អភិបាលរដ្ឋបានចេញសេចក្តីប្រកាសដាក់រដ្ឋ Louisiana នៅក្នុងភាពអាសន្នជាបន្ទាន់៕