(សេអ៊ូល)៖ ក្រុមហ៊ុនកូរ៉េខាងត្បូង Lotte Group បានឱ្យដឹងថា អាជ្ញាធរចិនបានសម្រេចចិត្តបញ្ឈប់គំរោងសាងសង់អចលនទ្រព្យ ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅឯភាគឦសានទីក្រុង Shenyang បន្ទាប់ពីការចុះធ្វើអធិការកិច្ច ក៏ប៉ុន្តែព្រមពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានបដិសេធមិនធ្វើការអាត្ថាធិប្បាយចំពោះចេតនាពិតប្រាកដរបស់អាជ្ញាធរចិនឡើយ ខណៈទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង កំពុងមានភាពរកាំរកូសនឹងគ្នាដោយសារគំរោងតម្លើងប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD លើឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញបញ្ហាដែរបើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកូរ៉េខាងត្បូង ការចុះធ្វើអធិការកិច្ចក្រុមហ៊ុន Lotte Group របស់អាជ្ញាធរចិនធ្វើឡើងដើម្បីជាការឆ្លើយតបទៅការសម្រេចចិត្ត ដាក់ពង្រាយ THAAD លើទីលានវាយកូនហ្គោលមួយកន្លែងក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Lotte។ លើសពីនេះទៅទៀត ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៦មក អាជ្ញាធរចិនបានដឹកនាំការធ្វើអធិការកិច្ចជាបន្តបន្ទាប់ ឬក៏បើកការស៊ើបអង្កេតលើការបង់ពន្ធរបស់ក្រុមហ៊ុន Lotte ក្នុងប្រទេសចិនក្នុងនោះរួមមានទាំង ផ្សារទំនើបចំនួន១២០កន្លែងផងដែរ។
គួរបញ្ជាក់ថាយោងតាមក្រុមហ៊ុន Lotte Group ការសម្រេចចិត្តបញ្ឈប់គំរោងសាងរបស់ខ្លួន កើតឡើងកាលពីខែធ្នូ កន្លងទៅ។ គំរោងសាងសង់អចលនទ្រព្យ Lotte's Shenyang project គឺគ្រប់ដណ្ដប់លើផ្ទៃដី១.៤៥លានគីឡូម៉ែត្រក្រឡា ដោយផ្ដោតសំខាន់លើការសាងសង់ផ្សារទំនើប លំនៅឋាន និងសាលសិល្បៈភាពយន្ដជាដើម ៕