(លីម៉ា)៖ ក្រសួងសាធារណការប៉េរូនៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឱ្យមានផ្តន្ទាទោសដាក់ទោសដាក់ពន្ធនាគារទៅលើអតីតប្រធានាធិបតី លោក Alejandro Toledo ពីបទប្រព្រឹត្តអំពើពុករលួយ (ការកឹបកេងថវិការដ្ឋ និងស៊ីសំណូក) អំឡុងពេលកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
កាលពីថ្ងៃចន្ទកន្លងទៅ ក្រសួងសាធារណការប៉េរូបានឱ្យដឹងថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ដើម្បីប្រឆំាងនឹងលោក Toledo សម្រាប់ការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីលាងលុយកង្វក់ ហើយការប្រកាសបែបនេះ កើតឡើងបន្ទាប់ពីគេបានរកឃើញផ្ទះដ៏ធំស្កឹមស្កៃដែលគេជឿជាក់ថា ជារបស់ អតីតប្រធានាធិបតីរូបនេះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ជុំវិញបញ្ហានេះដែរបើតាមរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយប៉េរូ លោក Hamilton Castro ក្រុមអាជ្ញាធរក៏បានបើកការស៊ើបអង្កេតផងដែរលើអ្នកជំនួញលោក Josef Maiman និងមិត្តភក្តិជិតស្និតម្នាក់របស់លោក Toledo គឺលោក Jorge Barata ដែលត្រូវបានជាប់សង្ស័យថា បានបង់ប្រាក់២០លានដុល្លារអាមេរិកឱ្យលោក Toledo តាមរយៈគណនីក្រៅប្រទេសមួយក្នុងប្រទេសអង់ដូរ៉ា (Andorra) ខណៈប្រាក់ជាង១១លានដុល្លារផ្សេងទៀត ត្រូវបានគេរកឃើញក្នុងគណនីរបស់លោក Maiman នៅអង់គ្លេស។
គួរបញ្ជាក់ថាប្រាក់ជាប់សង្ស័យថាខុសច្បាប់ទាំងនេះ គឺអាចមានជាប់ពាក់ព័ន្ធនឹងគំរោងសាងសង់ផ្លូវ Highway តភ្ជាប់ពីប្រទេសប៉េរូ ទៅកាន់ប្រទេសប្រេស៊ីល ក្រោមការដឹកនាំគំរោងដោយក្រុមហ៊ុន Odebrecht និងក្រុមសំណង់ប្រេស៊ីលមួយចំនួនទៀត៕