(ប៊ែរឡាំង)៖ ការហាមឃាត់ការធ្វើដំណើរ លើប្រជាជនមកពីបណ្ដាប្រទេសមូស្លីមចំនួន០៧ មកកាន់សហរដ្ឋអាមេរិករបស់ លោក ដូណាល់ ត្រាំ ក៏បានធ្វើឱ្យអ្នកដំណើរមកពីបណ្ដាប្រទេសផ្សេងៗទៀត មានការស្ទាក់ស្ទើរ ក្នុងការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកផងដែរ។ នេះបើតាមក្រុមហ៊ុនវិភាគការធ្វើដំណើរ ForwardKeys ដកស្រង់សម្ដីដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាម ForwardKeys ដែលបានវិភាគលើការកក់ជើងហោះហើរ ជាង១៦លានក្នុងមួយថ្ងៃ ពីប្រព័ន្ធកក់ជើងហោះហើរអន្តរជាតិ បានឱ្យដឹងថា ការកក់សំបុត្រយន្ដហោះសម្រាប់ការធ្វើដំណើរអន្តរជាតិ មកកាន់សហរដ្ឋអាមេរិកនៅរយៈពេលបីខែបន្ទាប់ គឺស្ថិតនៅក្នុងអាត្រា២.៣ភាគរយខ្ពស់ជាងឆ្នាំ២០១៦។ ក៏ប៉ុន្តែនៅពេលបទបញ្ជាហាមឃាត់ការធ្វើដំណើរ ត្រូវបានដាក់ចេញពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី ០៤ ខែកុម្ភៈ ការកក់សំបុត្រយន្ដហោះមកកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ៦.៥ភាគរយបូករួមទាំង ៨០ភាគរយ នៃការធ្លាក់ចុះនៃការកក់ទុក ពីសំណាក់អ្នកដំណើរមកពីបណ្ដាប្រទេសជាប់បម្រាម ចំនួន០៧ និង ១៣.៦ ភាគរយពីបណ្ដាប្រទេសអឺរ៉ុបខាងលិច។
គួរបញ្ជាក់ថា នៅថ្ងៃដែលតុលាការកំពូលអាមេរិក រាំងខ្ទប់បទបញ្ជារបស់លោក ដូណាល់ ត្រាំ ការកក់សំបុត្រយន្ដហោះសម្រាប់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ជាង០៥ដង នៅថ្ងៃទី០៣ និងថ្ងៃទី០៤ ខែកុម្ភៈ បើធៀបទៅនឹងរយៈពេលពីរថ្ងៃដូចគ្នាកាលពីដើមឆ្នាំ៕