(វ៉ាស៊ីនតោន)៖ រដ្ឋបាល​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ កំពុងតែ​ធ្វើការពិចារណា​លើសំណើ​ដ៏សំខាន់មួយ​ ដែលអាចឈាន​ទៅដល់​​ការ​កំណត់កងកម្លាំង​ការពារ​បដិវត្តន៍ (IRGC) ដ៏មានឥទ្ធិពល​របស់ប្រទេស​អ៊ីរ៉ង់ ចូលជាអង្គការ​ភេរវករមួយ ហើយដែលទង្វើនេះនឹងកាន់តែដុតរោលជម្លោះ​រវាង​ប្រទេសទាំងពីរ​កាន់តែខ្លាំង​បន្ថែមទៀតជា​មិនខាន។ នេះបើ​តាមការដកស្រង់ព័ត៌មានពី Channel News Asia នៅមុននេះបន្តិច​នាព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​ប្រភពព័ត៌មាន​ពីមន្រ្តីនៅឯ​សេតវិមាន ទីភ្នាក់ងារ​រដ្ឋាភិបាល​អាមេរិកមួយចំនួន​បានធ្វើការ​ពិគ្រោះយោបល់​គ្នា​ស្តីអំពី​សំណើ​ខាងលើ​ ហើយវានឹងត្រូវបាន​អនុវត្តន៍ នឹងបន្ថែម​ពីលើចំណាត់​ការ​របស់​សហរដ្ឋអាមេរិក​ដែលបានដាក់​ទៅលើបុគ្គល​ និងស្ថាប័នមួយចំនួន​ដែល​មាន​ជាប់​ពាក់ព័ន្ធនឹង​កងកម្លាំង IRGC តែម្តង។

យ៉ាងណាមិញ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពុំទាន់បាន​ឃើញឯកសារ​នៃសំណើ​ដែលអាចមាន​ទម្រង់ជា​បទបញ្ជា បង្គាប់ឲ្យ​ក្រសួង​ការបរទេស​ធ្វើការពិចារណា​ក្នុងការចាត់តាំង​កងកម្លាំង IRGC ទៅក្នុងចំណោម​ក្រុមភេរវករនោះឡើយ ហើយវា​មិនច្បាស់លាស់​នៅឡើយទេថា តើប្រធានាធិ​បតី​អាមេរិក​​លោក ដូណាល់ ត្រាំ នឹងសម្រេច​ចុះហត្ថលេខា​លើបទបញ្ជា​បែបនេះ។

គួរបញ្ជាក់ថាកងកម្លាំង​ការពារ​បដិវត្តន៍ IRGC គឺជាអង្គភាព​សន្តិសុខ​ដែលខ្លាំងក្លា​ជាងគេបំផុត​របស់​ប្រទេសអ៊ីរ៉ង់ ហើយ​កងកម្លាំង IRGC ជាអ្នក​គ្រប់គ្រង​ភាគហ៊ុនយ៉ាងធំ​នៅក្នុងសេដ្ឋកិច្ច​អ៊ីរ៉ង់ និងមានឥទ្ធិពល​ដ៏សម្បើម​នៅក្នុងប្រព័ន្ធ​នយោបាយ​នៃប្រទេស​តំបន់មជ្ឈិមបូព៌ា​មួយ​នេះ។ ដោយឡែក​ជុំវិញ​សេចក្តីរាយការណ៍​ខាងលើ សេតវិមាន​មិនបានធ្វើការ​ឆ្លើយតបភ្លាមៗ​ចំពោះសំណើ​ការធ្វើអធិប្បាយ​នោះឡើយ ខណៈអ៊ីរ៉ង់​អាចនឹងនៅតែបន្តបដិសេធដាច់ខាត​ ចំពោះការ​ជាប់ទាក់ទង​នានា​ក្នុងអំពើ​ភេរវកម្ម៕​