(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានធ្វើការបញ្ជាក់សាជាថ្មីម្តងទៀតអំពីការគាំទ្រយ៉ាងពេញទំហឹង របស់សហរដ្ឋអាមេរិកចំពោះប្រទេសតួកគី ក្នុងនាមជាដៃគូយុទ្ធសាស្រ្ត និងសម្ព័ន្ធមិត្តអង្គការណាតូ (NATO) ដ៏សំខាន់មួយនៅអំឡុងកិច្ចសន្ទនាគ្នាតាមរយៈប្រព័ន្ធទូរស័ព្ទជាមួយប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ (Tayyip Erdogan) នាថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមប្រភពពីសេតវិមាន ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន នាឱកាសនោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងគ្រប់ទម្រង់ ហើយបន្ថែមពីនេះលោក ត្រាំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមចំណែករបស់តួកគីក្នុងការកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
គួរបញ្ជាក់ថានៅក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក ដូណាល់ ត្រាំ បានថ្លែងប្រកបដោយសុទិដ្ឋិនិយម អំពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងប្រទេសតួកគី ហើយលោកបានបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា នឹងអាចជួយជាកម្លាំងបានច្រើនក្នុងការកម្ចាត់ក្រុម ISIS។ ចំណែកលោក តាយយីប អឺដូហ្គាន់ វិញក៏បានអបអរសាទរចំពោះជ័យជម្នះរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅផងដែរ ហើយលោក អឺដូហ្គាន់ ថែមទាំងបានធ្វើការអញ្ជើញលោក ត្រាំ ឲ្យទៅបំពេញទស្សនកិច្ចនៅតួកគីទៀតផង៕