(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកគួរតែបើកមើលសៀវភៅប្រវត្តិសាស្រ្តឡើងវិញ ស្ដីពីតំបន់សមុទ្រចិនខាងត្បូង ត្បិតកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមលោកលើកទី២ បានចែងយ៉ាងច្បាស់ថា ទឹកដីរបស់ចិនទាំងអស់ដែលធ្លាប់ត្រូវជប៉ុនគ្រប់គ្រង ត្រូវបានប្រគល់ត្រឡប់មកឱ្យចិនវិញ។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីការបរទេសចិន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានស្គាល់ភាពតានតឹងជាថ្មី បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទ រវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកោះតៃវ៉ាន់ ព្រមទំាងការអាត្ថាធិប្បាយជាច្រើនពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ ជាក់ស្ដែងនៅចំពោះមុខព្រឹទ្ធសភា រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក រិច ធីល្លឺសុន បាននិយាយចំៗថា ចិនមិនគួរត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់តំបន់ជម្លោះ ដែលខ្លួនបានសាងសង់កោះសប្បនិម្មិតនោះទេ ហើយថាសហរដ្ឋអាមេរិកនឹងការពារដែនដីអន្តរជាតិនៅក្នុងយុទ្ធសាស្ត្រសន្តិសុខផ្លូវទឹក។
ជាងនេះទៅទៀតកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ជែម ម៉ាតទីស ក៏បានគូសបញ្ជាក់ដែរថាយន្ដការការទូត គួរតែក្លាយជាអាទិភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
ទោះបីជាយ៉ាងនេះក្ដីថ្លែងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ច នៅប្រទេសអូស្ត្រាលី រដ្ឋមន្ត្រីការបទេសចិន លោក វ៉ាង យ៉ី បានលើកឡើងថា «លោកមានយោបល់មួយសម្រាប់សហរដ្ឋអាមេរិកនោះគឺទីក្រុងវ៉ាស៊ីនតោន គួរតែបើកមើលសៀវភៅប្រវត្តិសាស្រ្ត ឡើងវិញទាក់ទិននឹងសង្រ្គាមលោកលើកទី២ និយាយអំពីសេចក្ដីថ្លែងការណ៍ទីក្រុងគែរ ឆ្នាំ១៩៤៣ និងសេចក្ដីថ្លែងការណ៍ទីក្រុងពុតស្ដាំ (Potsdam) ឆ្នាំ១៩៤៥ ដែលតាមនោះ ជប៉ុនត្រូវប្រគល់ដែនដីខ្លួនគ្រប់គ្រង ដោយខុសច្បាប់ត្រឡប់មកឱ្យចិនវិញ ក្នុងនោះរួមមានទំាងទីប្រជុំកោះ Nansha ឬ Spratly»។
គួរបញ្ជាក់ថាបើតាមលោករដ្ឋមន្ត្រីការបរទេសចិន នៅឆ្នាំ១៩៤៦ រដ្ឋាភិបាលចិនដោយមានជំនួយពីសហរដ្ឋអាមេរិក និងអនុឡោមតាមច្បាប់អន្តរជាតិ បានយកទីប្រជុំកោះ Spratly និងតំបន់ថ្មប៉ប្រះទឹកដែលជប៉ុនគ្រប់គ្រងមកវិញ និងបានអនុវត្តន៍សិទ្ធិអធិបតេយ្យភាពជាថ្មីផងដែរ។ ប្រទេសជាភាគីជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់៕