(តេហេរ៉ង់)៖ អគ្គមគ្គុទេសកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃអង្គារបាននិយាយថា អ្វីដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងធ្វើជាការបង្ហាញពីមុខពិតរបស់សហរដ្ឋអាមេរិក ខណៈការពិតនៃសិទ្ធិមនុស្សនៅក្នុងប្រទេសមួយនេះ នោះគឺជាការដាក់ខ្នោះដៃសូម្បីតែក្មេងអាយុ០៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសុន្ទរកថាមួយចំពោះមុខយោធា នៅឯទីក្រុងតេហរ៉ង់ លោក Ali Khamenei បានគូសបញ្ជាក់ថា «យើងអរគុណសុភាពបុរសរូបនេះ (លោក ត្រំា) ពីព្រោះគាត់បានធ្វើឱ្យយើងស្គាល់មុខពិតរបស់សហរដ្ឋអាមេរិក ដូចដែលយើងធ្លាប់លើកឡើងអស់រយៈពេលជាង៣០ឆ្នាំមកនេះ ស្ដីពីនយោបាយពុករលួយ សេដ្ឋកិច្ច សីលធម៌ និងសង្គម នៅក្នុងរង្វង់អំណាចសហរដ្ឋអាមេរិក។ សុភាពបុរសម្នាក់នេះបានបកស្បែកមុខពិតសហរដ្ឋអាមេរិក នៅអំឡុងនិងក្រោយយុទ្ធការឃោសនាបោះឆ្នោត ហើយលើសពីនេះទៅទៀត អ្វីដែលគាត់កំពុងធ្វើក្នុងពេលបច្ចុប្បន្ន គឺបានបង្ហាញពីការពិតរបស់សហរដ្ឋអាមេរិកការពិតនៃសិទ្ធិមនុស្សដែលពួកគេដាក់ខ្នោះដៃសូម្បីតែក្មេងអាយុ០៥ឆ្នាំ »។
គួរបញ្ជាក់ថាភាពតានតឹង និងសង្រ្គាមពាក្យសម្ដីរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចាប់កក្រើកឡើងវិញ ក្រោយពេលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ចេញបញ្ជាប្រធានាធិបតីហាមឃាត់ប្រជាជនអ៊ីរ៉ង់ និងប្រជាជនមកពីបណ្ដាប្រទេសមូស្លីមចំនួន០៦ ផ្សេងទៀតមិនឱ្យចូលសហរដ្ឋអាមេរិក ព្រមទាំងការបាញ់សាកល្បងមីស៊ីលផ្លោងពីសំណាក់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៩ ខែមករា។ បន្ថែមពីលើនេះ ប្រទេសទំាងពីររឹតតែមើលមុខគ្នាលែងចំ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយជាសាធារណៈថា អ៊ីរ៉ង់ជារដ្ឋគំាទ្រក្រុមភេរវករនៅអំឡុងដំណើរទស្សនកិច្ចក្នុងប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍កន្លងទៅ៕