(អ៊ីស្លាម៉ាបាដ)៖ គ្រោះរញ្ជួយផែនដីកម្រិត ៦.៣នៃរង្វាស់រ៉ិចទ័រ នៅប៉ុន្មានម៉ោងមុននេះបានវាយប្រហារលើតំបន់ឆ្នេរសមុទ្រអារ៉ាប់ ដែលស្ថិតនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន ប៉ុន្តែគេពុំទាន់ឃើញមានសញ្ញា ឬសេចក្តីរាយការណ៍ណាមួយអំពីមនុស្សរងគ្រោះ និងការបំផ្លិចបំផ្លាញដោយសារគ្រោះធម្មជាតិនេះនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើបានស្ថិតនៅចម្ងាយប្រមាណ៩០គីឡូម៉ែត្រ ភាគខាងត្បូងក្រុង Turbat កៀកឆ្នេរសមុទ្រអារ៉ាប់ ជាមួយនិងជម្រៅត្រឹមតែ១០គីឡូម៉ែត្រពីក្រោមបាតសមុទ្រប៉ុណ្ណោះ ហើយដំបូងឡើយវាត្រូវបានវាស់ស្ទង់ឃើញថាមានកម្រិតរហូតដល់ទៅ៦.៦រ៉ិចទ័រឯណោះ។
គួរបញ្ជាក់ថាភ្លាមៗនេះគេពុំទាន់ឃើញមានសេចក្តីរាយការណ៍អំពីការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះដោយសារការរញ្ជួយផែនដី ដែលស្ថិតនៅចន្លោះកំពង់ផែ Gwadar និងទីក្រុង Pasni នៃខេត្ត Baluchistan នេះនៅឡើយទេ។ ទីក្រុង Pasni មានប្រជាជនរស់នៅសរុបចំនួនប្រហែល ៤០០,០០០នាក់ ខណៈកាលពីឆ្នាំ២០១៣ គ្រោះរញ្ជួយដ៏កក្រើកបានឆក់យកជីវិតមនុស្សមិនតិចជាង ១,២០០នាក់នោះឡើយ នៅក្នុងខេត្ត Baluchistan ខាងលើនេះ៕