(ញូយ៉ក)៖ ប្រមុខការទូតអឺរ៉ុប និងយូអិនបានថ្កោលទោសក៏ដូចជារិះគន់យ៉ាងខ្លាំងលើអ៊ីស្រាអ៊ែល សម្រាប់សកម្មភាពគគ្លើនជុំវិញការអនុម័តច្បាប់អនុញ្ញាតឱ្យសាងសង់លំនៅឋាន បែបអាណានិគមបន្ថែមនៅលើដែនដីប៉ាឡេស្ទីនក្នុងតំបន់ West Bank ហើយដែលការសម្រេចចិត្តបែបនេះគឺជាសកម្មភាពដ៏គ្រោះថ្នាក់ និងផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមប្រមុខការទូតអឺរ៉ុប លោកស្រី Federica Mogherini ច្បាប់ដែលសភាអ៊ីស្រាអែលបានអនុម័ត បើសិនជាត្រូវបាន អនុវត្តន៍នោះ វានឹងក្លាយជាគ្រោះថ្នាក់មួយ ត្បិតការធ្វើអាណានិគមគឺជាឧបសគ្គរារាំងដល់ការស្វែងរកសន្តិភាព និងគំរាមកំហែង យ៉ាងខ្លំាងដល់លទ្ធភាពជោគជ័យនៃដំណោះស្រាយរដ្ឋពីរ (ប៉ាឡេស្ទីន និងអ៊ីស្រាអែល) ។
ម្យ៉ាងវិញទៀតច្បាប់នេះផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិ ហើយវាមិនអាចជួយអ្វីបាននោះទេ ក្រៅតែពីបង្កឱ្យជម្លោះកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ។ បន្ថែមជុំវិញច្បាប់ដ៏ចម្រូងចម្រាស់នេះដែរ អគ្គលេខាធិការយូអិន លោក Antonio Guterres បានចាត់ទុកថាច្បាប់ថ្មីនេះ ជាទង្វើប្រឆាំងនឹងច្បាប់អន្តរជាតិ និងអាចផ្ដល់ផលវិបាកដល់អ៊ីស្រាអែលនៅថ្ងៃណាមួយជាមិនខាន។
គួរបញ្ជាក់ថាសភាអ៊ីស្រាអែល បានអនុម័តលើច្បាប់ពង្រីកអាណានិគមបន្ថែម លើដែនដីប៉ាឡេស្ទីន តែពីរសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ខណៈបើតាមច្បាប់ថ្មីនេះ អ៊ីស្រាអែលគ្រោងនឹងសាងសង់លំនៅឋានអាណានិគមបន្ថែមជាង ៤,០០០ខ្នង នៅលើដែនដី West Bank របស់ប៉ាឡេស្ទីន៕